(ភ្នំពេញ)៖ យោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌទួលគោក ដែល​បាន​បង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាព ខណ្ឌ​ទួលគោក បានបង្ក្រាបគ្រឿងញៀន៣០ករណី ឃាត់ខ្លួន៤២នាក់ ក្នុងនោះប្រុស៣៥នាក់ ស្រី៧នាក់ ដោយមានអនីតិជន​៤នាក់ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមវត្តមានលោកស្រី ញ៉ែម មុំ តំណាងឲ្យលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និង​លោក កូប ស្លេះ អភិបាលរងខណ្ឌទួលគោក។

យោងតាមរបាយការណ៍ «ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះមាននៅក្នុងសង្កាត់បឹងកក់១ ចំនួន១២ករណី, បឹងកក់២ចំនួន៦ករណី, ផ្សារដេប៉ូ២ ចំនួន៥ករណី, បឹងសាឡាងចំនួន៤ករណី, ផ្សារដេប៉ូ៣ ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ទី៣ ក្នុង​១​សង្កាត់ មានចំនួន១ករណី»

ក្នុងនោះ ដកហូតម្សៅក្រាមសថ្លា១៥៥កញ្ចប់ (ធំ២ តូច១៥៣) ម៉ូតូ៣គ្រឿង ទូរស័ព្ទ​១២គ្រឿង កាបូបលុយ២ លុយ២៤ម៉ឺន៩ពាន់រៀល កូនពិល១ កូនកាំបិត១ និងសម្ភារពាក់ព័ន្ធប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួនទៀត។

លោក អ៊ិត ជំនិត នាយករដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្នុងករណី​គ្រឿង​ញៀននេះ កម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅសាសាដំបូងរាជធានីភ្នំពេញ៣៩នាក់ បញ្ជូនទៅមន្ទីរបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងស្តារយុវនីតិសម្បទារាជធានីភ្នំពេញ៣នាក់ ជាអនីតិជន។

ចំពោះការងាររដ្ឋបាល និងសន្តិសុខសណ្តាប់​ធ្នាប់​សាធារណៈ គឺវិធានការបង្ការទប់ស្តាត់ និងបង្ក្រាបក្មេងទំនើងបាន៨លើក ដោយឃាត់ខ្លួន មនុស្ស២០នាក់ ដកហូតម៉ូតូ​៤គ្រឿង ទូរស័ព្ទ១គ្រឿង កាំបិតតាំងតោ១ ពីបទបង្កសកម្មភាពអុកឡុក ធ្វើឲ្យបាត់សណ្តាប់ធ្នាប់​សាធារណៈក្នុងមូល​ដ្ឋាន​ដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុម​ប្រឹក្សា​​ខណ្ឌទួលគោក អាណត្តិទី២ នាព្រឹកនោះដែរក៏មានការប្រកាសនូវលិខិតបង្គាប់ការ​របស់មន្ទីរព័ត៌មាន​រាជធានី​ភ្នំពេញ ស្តីពីការតែងតាំងលោក គង់ កាម៉ាច មន្ត្រីរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ឲ្យមកបំរើការងារនៅ​ការិយា​ល័យ​ព័ត៌មាន ខណ្ឌទួលគោក ដែលនៅក្នុងលិខិតបង្គាប់ការនោះ គឺលោក គង់ កាម៉ាច មានភារកិច្ចសហការ​អនុវត្ត​ការងារ​ក្រោមការដឹកនាំ របស់សាលាខណ្ឌទួលគោក ឲ្យបានល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោកស្រី ញ៉ែម មុំ ក៏បានជំរាបជូនសមាជិកសមាជិកាអង្គប្រជុំ សាមញ្ញ​លើក​ទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ បានជ្រាបថា នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ទិវានារីអន្តរជាតិ​​៨មិនា ខួបលើកទី១០៦ នឹងមកដល់ដែលឆ្នាំនេះមានប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។

លោកស្រ្តីបញ្ជាក់ថា «នៅក្នុងឱកាសទិវានេះ នារីនៅតាមអង្គភាពស្ថាប័នផ្សេងៗ តែងតែត្រូវបានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត ពីថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងនោះនៅ​សាលាខណ្ឌទួលគោកយើងនេះ នារីក៏ត្រូវបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ប៉ុន្តែទោះយ៉ាង​ណា​ក៏ដោយ លោកស្រី ក៏បានអំពាវនាវបន្ថែមទៀត សូមឲ្យថ្នាក់ដឹកនាំគ្រប់អង្គភាព បន្តយកចិត្តទុកដាក់​ដល់បងប្អូន​នារីយើងបន្ថែមទៀត ដើម្បីឲ្យនារី បានចូលរួមនៅគ្រប់កិច្ចការសង្គម»