(ភ្នំពេញ)៖ រូបថតបីសន្លឹកដែលរថយន្តដឹកនាំកាកសំណល់កខ្វក់ និងទិដ្ឋភាពនៃការបង្ហូរទឹកសំណល់កខ្វក់ចូលក្នុងទន្លេនៅជិតមុខ ព្រះបរមរាជវាំង គឺជារូបភាពដ៏អាម៉ាស់បំផុត ដែលបង្ហាញថា សាលារាជធានីភ្នំពេញមិនបានយកចិត្តទុកដាក់លើបញ្ហានេះ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ ខ្ញុំពិតជាគ្មានវាចានឹងថ្លែង មានតែអង្គុយហួសចិត្ត និងមើលនូវទង្វើដ៏គ្មានការ ទទួលខុសត្រូវរបស់ អាជ្ញាធរលើការគ្រប់គ្រងសំរាម និងទឹកកខ្វក់នៅរាជធានីភ្នំពេញ។ តើទឹកដែលបង្ហូរនេះមានជាតិពុលអ្វីខ្លះទៅ? មានមេរោគអ្វីខ្លះទៅ និងប៉ះ ពាល់អ្វីខ្លះដល់សុខភាពប្រជាជន? ការបង្ហូរទឹកកខ្វក់ឆៅៗចូលក្នុងទន្លេ តើសាលារាជធានីភ្នំពេញ និងអាជ្ញាធរនៅក្រោមបង្គាប់របស់លោកមាន ដឹងថា វាបង្កផលប៉ះពាល់យ៉ាងណាដល់គុណភាពទឹក មច្ឆជាតិគ្រប់ប្រភេទទេ? ឬដឹងដែរ តែធ្វើជាមិនដឹង? តើអស់លោកមានគិតដល់ជីវិតរបស់មនុស្សដែល រស់នៅតាមដងទន្លេ និងការយកទឹកទៅប្រើប្រាស់ទេ? ពុទ្ធោ !

ខ្ញុំស្រក់ទឹកភ្នែកពេលឃើញគេប៉ុស្តិ៍រូបដ៏អាក្រក់នេះ។ ខ្ញុំអង្គុយគិតថាតើអស់លោកជាអាជ្ញាធរមានសមត្ថកិច្ច រួមនឹងលោកអ្នកបង្ហូរទឹក ចូលក្នុង ទន្លេជាដើមនេះមានបានគិតទេថា តើទឹកកខ្វក់ដែលមិនឆ្លើយកាត់ការធ្វើប្រព្រឹត្តកម្មសម្លាប់មេរោគនេះ វាបង្កផលប៉ះពាល់ យ៉ាងណា?

ពលរដ្ឋយល់ថា បង្ហូរទឹកកខ្វក់ បោះសំរាមចូលទន្លេ បឹងបួរ ប៉ះពាល់បរិស្ថាន ចុះហេតុអ្វីបានជាអស់លោកជាឪពុកម្តាយរបស់ពលរដ្ឋ មិនយល់ទៅវិញ? ក្រែងក្រសួងស្ថាប័នពាក់ព័ន្ធគេផ្សព្វផ្សាយជូនអស់លោកដែរតើ ឬគេនិយាយទៅស្តាប់មិនយល់ ដោយសារតែ អ្វីមួយបាំង ឬមួយក៏ដូចពាក្យចាស់ថា ដូចចាក់ទឹកលើក្បាលទា? ឈប់បាន ! សូមឈប់ទៅ ! លោកចូលរួមកសាងប្រទេសចេញពី គំនរផេះផង់ ឈាម និងទឹកភ្នែកទម្រាំបានប៉ុណ្ណឹង គួរតែធ្វើអ្វីៗដែលល្អឱ្យបានច្រើនដើម្បីបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយ។

ពីប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ !