(ភ្នំពេញ)៖ រថយន្ដទំនើបម៉ាក Panamera 4s ដែលជាស៊េរីថ្មីចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Porsche បានបង្ហាញវត្តមាន ជាផ្លូវការហើយ ប៉ុន្ដែមុននឹងសម្ពោធដាក់លក់ផ្លូវការ ក្នុងប្រទេសកម្ពុជា រថយន្ដទំនើបស៊េរីថ្មី ដែលជាម៉ាករថយន្ដប្រណាំងដ៏ល្បីលំដាប់ ពិភពលោកនេះ ត្រូវបានអតិថិជនកម្មង់ទុករួចទៅហើយ។ នេះបើតាមការឲ្យដឹងពីលោក ប៊ុន យី ប្រធានផ្នែកលក់និងទីផ្សារប្រចាំ មជ្ឈមណ្ឌល Porsche ភ្នំពេញ (PCPP) ។

គួរបញ្ជាក់ថា Panamera 4s ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ទិវាកីឡាយានយន្ដ Power Festival & Kara Race Cup 2017 ដែលរៀបចំដោយ សហព័ន្ធកីឡាយានយន្ដកម្ពុជា នៅអាកាសយានដ្ឋានបាត់ដំបង ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡា យានយន្ដគ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ។

លោក ប៊ុន យី បានថ្លែងថា រថយន្ដទំនើបស៊េរី  Panamera 4s គឺជាម៉ាករថយន្ដប្រណាំងដ៏ល្បី ដែលផលិតឡើងតាមបច្ចេកវិទ្យា ចុងក្រោយ ដើម្បីសម្របតាមតម្រូវការទីផ្សារលើពិភពលោក ។ ហើយលោកពិតជាមានមោទនភាពណាស់ ក្រោយនាំចូលមកដល់កម្ពុជា ភ្លាម មិនទាន់នឹងបានសម្ពោធផង ស្រាប់តែមានអតិថិជនម្នាក់(សុំមិនបញ្ចេញឈ្មោះ)បានកម្មង់ទិញទៅហើយ ក្នុងតម្លៃប្រមាណ ៣៥ម៉ឺនដុល្លារ ។

លោក Michael Vetter នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Porsche បានសម្តែងនូវក្តីសប្បាយរីករាយ ដែលក្រុមហ៊ុនរបស់លោកបានតាំង បង្ហាញរថយន្តស៊េរីថ្មីចុងក្រោយគេរបស់ Porsche ម៉ូឌែល Panamera 4s នៅបាត់ដំបង និងខេត្តជាបន្តបន្ទាប់ទៀត ដើម្បីឲ្យអតិថិជន ស្វែងយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាដ៏ទំនើបរបស់រថយន្ត Porsche ម៉ូឌែលថ្មីៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ។

សូមបញ្ជាក់ថា Panamera 4s គឺមានកម្លាំងម៉ាស៊ីន V6 bi-turbo ទំហំ ២.៩លីត្រ និងអាចបង្កើតកម្លាំងបាន ៤៤០សេះ ហើយអាចបង្កើន សន្ទុះពី ០–១០០គីឡូម៉ែត្រក្នុងមួយ ក្នុងរយៈពេលត្រឹម ៤.៤ វិនាទី ។ មិនតែប៉ុណ្ណោះរថយន្ដទំនើប អាចរត់បានក្នុងល្បឿនលឿនបំផុត ២៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ។ ប៉ុន្ដែបើធៀបនឹង Panamera 4S ជំនាន់ទីមួយ ម៉ាស៊ីនរបស់ Panamera 4S ជំនាន់ថ្មីនេះស៊ីប្រេង ឥន្ធនៈត្រឹម ៨.២លីត្រលើចម្ងាយផ្លូវ ១០០គីឡូម៉ែត្រប៉ុណ្ណោះ៕