(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលវរការពារព្រំដែនលេខ៩១១ និងកម្លាំងនគរបាល​វរការ​ពារ​ព្រំ​ដែនលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តហ្វឹកហាត់​ជំនាញ​បន្ថែមទៀត ដើម្បីពង្រឹងការរឹតបន្តឹង និងទប់ស្កាត់បទល្មើសនានាតាមព្រំដែន និងតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋកាន់​តែប្រសើរឡើង។

ការហ្វឹកហាត់នេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល​ខេត្តបន្ទាយ​មានជ័យ។

នៅចំពោះមុខកងកម្លាំងនគរបាលទាំងអស់ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា​របស់សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ លើការពង្រឹងបញ្ហាសន្តិសុខ តាមមូលដ្ឋាននោះ កម្លាំងនគរបាលទាំងអស់ ត្រូវបន្តកាន់តែខ្លាំងឡើង សម្រាប់កិច្ចការ​ពារតាមព្រំដែនចំពោះបទល្មើសនានាដូចជា៖ គ្រឿងញៀន ការរត់ពន្ធមនុស្សឆ្លងដែន លួច ប្លន់ និងការលួចទំនិញខុស​ច្បាប់ជាដើម។

នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចុះទៅពិនិត្យមើលការស្ថាបនាផ្លូវមួយខ្សែ ព្រំប្រទល់ស្រុកស្វាយចេក និងស្រុកថ្មពួក ក្រោមការឧបត្ថម្ភពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តបន្ទាយមានជ័យ៕