(ភ្នំពេញ)៖ សំរាមគឺជាការប្រមូលផ្តុំទៅដោយកាកសំណល់ កខ្វក់រលួយមានក្លិនស្អុយ ដែលធ្វើឲ្យមនុស្សម្នា នៅក្បែរនោះ​ពិបាកដកដង្ហើម ធ្វើឲ្យប៉ះពាល់ ដល់សុខភាពគ្រប់មនុស្សទាំងអស់ ពោលគឺសំរាមវាប្រៀបបានទៅនឹងមេរោគដ៏ត្រជាក់ ដែលសម្ងំចូលទៅស៊ីរូងបំផ្លាញសុខភាពយើងម្តងបន្តិចៗ ហើយសម្លាប់យើងដោយមិនដឹងខ្លួន បើសិនជាយើងមិនបាន​គិតគូរពីផលប៉ះពាល់នៃឥទ្ធិពលរបស់វាទេនោះ។

ជាក់ស្តែង បើសិនជាយើងធ្វើដំណើរឆ្លងកាត់ផ្លូវ ជួរមាត់ទន្លេស្ថិតក្នុងក្រុម២ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នៅចំពីក្រោយ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រាកដជាឃើញគំនរសំរាមហៀហូរដូចភ្នំ ដោយទុកចោលគ្មានការប្រមូល ធុំក្លិនមិនល្អ ជះឥទ្ធិពល បង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងបាត់ទាំងសោភ័ណភាពផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសូមសំណូមពរដល់មន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មេត្តាជួយវេចខ្ចប់ ឫទុកដាក់សំរាម ឲ្យបានត្រឹមត្រូវផង ប្រសិនជាអាចសូមជួយប្រាប់ដល់ភ្នាក់ងាររបស់ក្រុមហ៊ុន ស៊ុនទ្រី ឲ្យមកប្រមូលសំរាម ដែលគរដូចភ្នំនេះចេញផង ព្រោះជះក្លិនស្អុយណាស់ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានឲ្យដឹងថា សម្រាប់កាកសំណល់សំរាមនានារបស់ពួកគាត់ បន្ទាប់ពីប្រើប្រាស់ បានរៀបចំវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីទុកឲ្យរថយន្ដដឹកសំរាមរបស់ ក្រុមហ៊ុនស៊ិនទ្រី មកប្រមូលយកទៅចោល។  

ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានឲ្យដឹងទៀតថា រៀងរាល់ថ្ងៃនេះ គេបានឃើញមានការចោលកាកសំណល់សំរាម មួយថ្ងៃបន្តិចៗ ឡើងគរដូចភ្នំទៅហើយ ដោយផ្ដើមចេញមកពីមន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ តែពុំឃើញមានអ្នកដែលមកប្រមូលសំរាមទាំងនេះចេញឡើយ  ៕