(រតនគិរី)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយ​មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៤២០គ្រួសារ មកពីឃុំទាំង៦ រួមមាន ឃុំឡាមិញ ឃុំស៉ើង ឃុំកក់ ឃុំទីងចាក់ ឃុំកិៈចុង និងឃុំលុងឃុង នៃស្រុកបរកែវ ខេត្តរតនគិរី ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណសាលាឃុំឡាមិញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងឱកាសសំណេះសំណាលជាមួយគ្រួសារទទួលផល លោក  អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងអស់ និងបានណៃនាំដល់បងប្អូន សូមថែរក្សាអនាម័យ និងពិសារទឹកឆ្អិន។

ជាងនេះទៅទៀត សូមបងប្អូនទាំងអស់ សូមកុំពិសារគ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច នៅពេលធ្វើដំណើរ​ទៅទីជិតឬឆ្ងាយ  ព្រមទាំងកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានសម្តែងក្តីរំភើប ត្រេកអររហូតស្រក់ទឹកភ្នែក និងបានថ្លែងអំណរគុណដល់ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យនិងចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ដែលងាយរងគ្រោះ គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

អំណោយដែលចែកជូនគ្រួសារនីមួយៗមាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕