(ភ្នំពេញ)៖ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) ក្បែរវត្តភ្នំ មានការ​ចុះហត្ថលេខា លើអនុស្សារណៈនៃការ​យោគយល់គ្នារវាងក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា តំណាងដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ធនាគារ មីហ្ស៊ូហូ (Mizuho) តំណាងដោយលោក អ៊ីម៉ាអ៊ី សេអ៊ីជិ (Imai Seiji) នាយកប្រតិបត្តិ ទទួលបន្ទុកតំបន់អាស៊ី និង​អូសេអានី ស្តីពីកិច្ច​សហប្រតិបត្តិការ​ជំរុញវិនិយោគ ។ ​

​គោលបំណងនៃអនុស្សារណៈនេះគឺ ដើម្បីដាក់ចេញនូវ​សកម្មភាពសហប្រតិបត្តិការ​រវាងក្រុម-ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ មីហ្ស៊ូហូ ​សំដៅជំរុញវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា និង​លើកកម្ពស់ភាពជា​ដៃគូរវាងសហគ្រិនកម្ពុជា-ជប៉ុន។

ខ្លឹមសារ​នៃអនុស្សារណៈនៃការ​យោគយល់គ្នារួមមាន៖ គាំទ្រ និងសហការ​រួមគ្នាក្នុងការ​រៀបចំសិក្ខាសាលាសំដៅជំរុញការ​វិនិយោគជប៉ុនមកកម្ពុជា, សម្របសម្រួល និងរៀបចំសកម្មភាពជំរុញវិនិយោគក៏ដូចជា ​សកម្មភាពផ្គូរផ្គងធុរកិច្ច​សម្រាប់អ្នក​វិនិយោគជប៉ុននៅកម្ពុជា ព្រមទាំងសហការ​ជាមួយតុជប៉ុន (Japan Desk) នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់​ព័ត៌មាននានាអំពីគម្រោងវិនិយោគដែល​អ្នកវិនិយោគជប៉ុនត្រូវ​ការ​។

​ធនាគារ មីហ៊្សូហូ គឺ​ជា​ធនាគារមួយក្នុងចំណោមធនាគារ​ធំៗចំនួនបី នៅប្រទេសជប៉ុន ដែល​មានប្រតិបត្តិការ​ធុរកិច្ច​ចំនួន ៥៤៩កន្លែងនៅលើ ពិភពលោក។ បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការ​នៅប្រទេសអាស៊ានចំនួន៨ រួមមាន ឥណ្ឌូនេស៊ី, ម៉ាទ្បេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, និងកម្ពុជា។

ធនាគារ មីហ៊្សូហូ នឹងបន្តពង្រីកបណ្តាញសាខារបស់ខ្លួនជាមួយនឹង​គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ដោយផ្តោតទៅលើ បណ្តាប្រទេសនៅតាមមហាអនុតំបន់មេគង្គ ដែលសាជីវកម្មរបស់ជប៉ុនត្រូវបានរំពឹងថា នឹងមានភាពរីកចម្រើននាពេលខាងមុខ។ ចំពោះសកម្មភាពធុរកិច្ច​នៅកម្ពុជា ធនាគារបានចាប់ផ្តើមមានវត្ត​មាន​នៅកម្ពុជានៅឆ្នាំ២០១៣ ដោយ​បាន​បើកជា​ការិយាល័យតំណាង។ ថ្មីៗកន្លងទៅនេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារ មីហ៊្សូហូ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

​យោងតាមតួលេខដែលកត់​ត្រាដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់​ជប៉ុននៅកម្ពុជាក្នុងឆ្នាំ២០១៦ មានទុនវិនិយោគសរុបប្រមាណ ៨២២លានដុល្លារអាមេរិក ស្មើនឹង២២.៧៨%នៃទុនវិនិយោគសរុប៕