(កំពត)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងាររយៈពេល ០២ ខែ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពត ។

តាមរបាយការណ៍ របស់លោកស្រី យូ សុគន្ធ អភិបាលរង តំណាងលោក ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថាៈ ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក បានចុះធ្វើវេទិការសាធារណៈ ក្នុងខែមករា និងខែកុម្ភៈ បាន​ចំនួន១៥ លើក មានសមាសភាពចូលរួមពីក្រុមកាងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ចំនួន ៥១២ នាក់ ស្រី ១២ នាក់ និងប្រជាពលចូលរួមចំនួន ២០៩១ នាក់ ស្រី ៩៩២ នាក់ ។ បញ្ហាសំណូមពរមានចំនួន ៨៤ ករណី បានដោះស្រាយបាន​ចំនួន៥២ ករណី កំពុងដោះស្រាយចំនួន២៧ ករណី និងមិនទាន់ដោះស្រាយបានចំនួន ០៥ ករណី ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារថ្នាក់ជាតិ គ្រប់លំដាប់ថ្នាក់ដែលបាន​ខិតខំចុះធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបញ្ហាត្រូវបានដោះស្រាយ ជាបន្តបន្ទាប់ ហើយរាល់វេទិការនីមួយៗ បញ្ហាសំណូមពរត្រូវបានកាត់បន្ថយ កាន់តែតិចទៅៗ។ ឆ្លៀតឱកាស នោះ លោកទេសរដ្ឋមន្ត្រី បានណែនាំថា រាល់វេទិការសាធារណៈ និងវេទិកាផ្សេងៗ សូមក្រុមការងារ ធ្វើការផ្សព្វផ្សាយឲ្យ​បានផុលផុស ពីសាររបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថាៈគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅកម្ពុជា ជារបស់ឯកជន ពុំមែនជារបស់រដ្ឋឡើយ។ ជាមួយគ្នានេះ បញ្ហាគ្រឿងញៀនក៏ជាយុទ្ធនាការ របស់រាជរដ្ឋាភិបាលដែរ ដែល លោកស្នើឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលប៉ៈពាល់របស់វា ។

ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីបញ្ហាទឹក ភ្លើង ដែលប្រជាពលរដ្ឋ តែងលើកឡើងទាក់ទង នឹងការផ្គត់ផ្គង់ និងតម្លៃប្រើប្រាស់ ដោយលោកបានបញ្ជាក់ថា តាមគោលដៅ នៅឆ្នាំ២០១៨ ខាងមុខ អគ្គិសនីរបស់រដ្ឋនឹងតឲ្យដល់ភូមិទូទាំងប្រទេស ឯទឹកស្អាត ឆ្នាំ២០១៨ នឹងតបណ្តាញដល់ផ្ទះ ប្រជាពលរដ្ឋជាង៩០% នៅតាមទីប្រជុំជន ។

ដោយឡែក នៅខេត្តកំពត លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន ពីគម្រោងដ៏ធំរបស់ក្រសួង និងក្រុមហ៊ុនចិន ក្នុងការយកទឹកពីវារីអគ្គិសនី ភ្នំកំចាយខេត្តកំពត មកផលិតផ្គត់ផ្គង់មានវិសាលភាព គ្របដណ្តប់ចំនួនពីរខេត្ត គឺខេត្តកំពត និងខេត្តកែប ដែលបច្ចុប្បន្នក្រុមហ៊ុន ជំនាញចិនកំពុងសិក្សា ពីសមិទ្ធិលទ្ធភាព។

ទាក់ទង នឹងការតវ៉ា ដោយមានការញុះញង់ឲមានការតម្លើងថ្លៃទឹក នៅពេលថ្លៃភ្លើងចុះថោក ឬតម្លៃទឹកហេតុអ្វី ក៏ខុសគ្នាពីតំបន់មួយទៅតំបន់មួយ រឺពីខេត្តមួយទៅខេត្តមួយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើការពន្យល់ថាៈ ទោះបីថ្លៃភ្លើងចុះ ក៏ថ្លៃទឹកមិនអាចចុះគំហុកដូចភ្លើងបានដែរ ហើយបើរោងចក្រផលិតទឹកស្អាតនោះ មិនទាន់មានភ្លើង​រដ្ឋដល់ទៀតគឺកាន់តែពិបាកចុះហើយ ។ ហេតុអ្វី ? ពីព្រោះបច្ចុប្បន្ននេះ ក្រសួងមុនឲ្យវិស័យឯកជនទទួល សិទ្ធិធ្វើអាជីវកម្មទឹកស្អាត ក្រសួងគិតគូរួចរាល់ហើយ តាមរយៈការ សិក្សាពីសមិទ្ធិលទ្ធភាព និងគណនាថ្លៃដើមឲ្យបាន​ច្បាស់លាស់ ពីព្រោះក្រសួងអនុញ្ញាតិ ឲ្យប្រតិបត្តិករទឹកស្អាត ឯកជនទទួលបាន ប្រាក់ចំណេញ ដុលត្រឹម១០% ប៉ុណ្ណោះ នៃការចំណាយថ្លៃដើមរបស់ខ្លួន។

បើទាមទារចុះថ្លៃគំហុក ច្បាស់ណាស់ប្រតិបត្តិករទឹកឯកជន នឹងក្ស័យធន ហើយបើទឹកត្រូវផ្តាច់តែរយៈពេលពីរ ទៅបីថ្ងៃ តើប្រជាពលរដ្ឋទ្រាំបានទេ ? ពេលនោះ តើគាត់ចំណាយលុយពី ១៥០០៛ ទៅ ២៥០០៛ អាចទិញទឹកអម្រែកបាន​មួយម៉ែត្រគូប ស្មើនិង១ពាន់លីត្របានទេ? នៅពេលដែលថ្លៃទឹកខាងលើ មានការតបណ្តាញដល់ផ្ទះ និងអាចត្រងផឹកបាន ដោយមិនខ្លាចមានរោគឆ្លង។ ចំពោះថ្លៃទឹកខុសគ្នា លោកទេសរដ្ឋមន្ត្រីធ្វើ ការពន្យល់ថាៈ ថ្លៃទឹកខុសគ្នាពីតំបន់មួយ រឺពីខេត្តមួយ គឺដោយសារមូលហេតុ ច្រើនយ៉ាងដូចជាៈ ប្រភពទឹកខុសគ្នា ទឹកមានមេរោគដែលត្រូវ​​ចំណាយវត្ថុធាតុ​កំចាត់ច្រើន រឺតិច អគ្គិសនីថ្លៃខុសគ្នា និងដង់សុីតេរស់នៅរបស់​ប្រជាជន​ខុសគ្នា​ជាដើម។ល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ​ដល់អាជ្ញាធរ​ខេត្តកំពត ដែលបានទប់ស្កាត់​បានទាន់ពេលវេលា នូវភាព​​​អនាធិបតេយ្យ​ចាប់ដីរដ្ឋ រឺដីឯកជន ធ្វើកម្មសិទ្ធិ ដែលកើតឡើង​នៅភូមិតេជោ​អភិវឌ្ឍន៍​កន្លងទៅថ្មីៗនេះ ហើយមាននិន្នាការ​​ទៅបណ្តាខេត្ត​មួយ​ចំនួនទៀត ដោយមាន​អ្នកនយោបាយ​​នៅពីក្រោយខ្នង ក្នុងន័យបង្កភាព​អាប់អួរ មុនការបោះឆ្នោត​​ខាងមុខ ។

ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំ ដល់សមាជិកក្រុមការងារទាំងអស់ ទោះ មិនមានវេទិការ​សាធារណៈ ក៏ត្រូវតែនៅរក្សាការចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់នៅមូលដ្ឋានពិតប្រាកដ ជាពិសេស គឺផ្សព្វផ្សាយ នូវគោលនយោបាយ កែទម្រង់ និងអនុគ្រោះរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលបន្ទុកជីវភាព​របស់​ប្រជាពលរដ្ឋលើ ការបញ្ឈប់និងលើកលែង លើតម្លៃសេវាផ្សេងៗ មានដូចជាៈ ការបញ្ឈប់ការយកពន្ធលើមធ្យោបាយ ប្រចាំឆ្នាំ ( ម៉ូតូ) ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យដល់អ្នក ជាប់សាច់ញាតិបង្កើត ការបញ្ចុះថ្លៃអគ្គិសនី ការតបណ្តាញទឹកស្អាតក្នុងតម្លៃថោកដល់ផ្ទះជួលរបស់កម្មករ ការបញ្ឈប់យកភាសុីការលក់ល្អី កញ្ច្រែងតាមផ្សារ ការបញ្ឈប់ការយកកម្រៃ សេវាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ ការបំបាត់ការ​ដាក់កុងត្រូល ស្ទាក់យកលុយខុសច្បាប់ ការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជ ការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ ។ល។