(ប៉ោយប៉ែត)៖ ប្រជាពលរដ្ឋខ្មែរជាអាជីវករនៅផ្សាររុងគ្លឿជិត២០០នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រមូលផ្តុំគ្នា នៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីតវ៉ា និងលើកបដាដោយស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍ទៅភាគីថៃ ដែលមក ចាប់អីវ៉ាន់របស់ពួកគាត់មិនចេះលោះថ្ងៃ។

អាជីវករទាំងជិត២០០នាក់ បានសំណូមពរលើ១០ចំណុច ក្នុងនោះរួមមាន៖
១៖ សូមសម្តេចជួយរកយុត្តិធម៌ឲ្យបងប្អូនអាជីវករខ្មែរលក់ក្នុងផ្សាររុងគឿផង
២៖ កូនចៅរស់នៅជាប់ព្រំដែនជួបទុក្ខលំបាក មានតែសម្តេចទេ មានតែសម្តេចទេដែលជាទេវតារបស់កូនចៅគ្រប់ៗគ្នា
៣៖ ភាគីថៃចាត់ទុក្ខកូនចៅខ្មែរលក់ដូរក្នុងផ្សារឡុងគ្លឿជាទេសករអាជីវកម្ម ចង់តំឡើងពន្ធតាមតែចិត្ត
៤៖ អាជីវករផ្សារឡុងគ្លឿគ្មានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ នៅពេលភាគីថៃប្រជុំដាក់កំហិត មកលើកូនចៅម្តងៗ
៥៖ អាជីវករផ្សារឡុងគ្លឿជាង ១ម៉ឺនតូប ជួបការលំបាកដោយខាងអាជ្ញាធរថៃគៀបសង្កត់ ចាប់ និងបិតអាជីវកម្មមិនឲ្យលក់ ដោយបំភ្លៃថា អាជីវករលក់ទំនិញខុសច្បាប់ គ្មានបង់ពន្ធច្បាស់លាស់
៦៖ ទំនិញក្នុងផ្សារឡុងគ្លឿ ចូលតាមគ្រប់ច្រកល្ហកនៃប្រទេសថៃ ទាំងផ្លូវទឹក និងផ្លូវគោក
៧៖អាជីវករផ្សារឡុងគ្លឿបានចំណាយដើមទន់ជាច្រើន ទិញទំនិញគ្រប់ប្រភេទពីថៃ និងប្រទេសផ្សេងៗ ទាំងមិនដឹងថា ទំនិញសុទ្ធ ឬក្លែងក្លាយ
៨៖ អាជីវករបានតស៊ូអត់ធ្មត់គ្រប់យ៉ាងដើម្បីរស់ តែភាគីថៃអាសអាងសិទ្ធគ្រប់យ៉ាងមកបិទអាជីវកម្មយើង
៩៖ តើឲ្យកូនចៅរស់នៅយ៉ាងមិច បើអាជីវកម្មក្នុងផ្សារឡុងគ្លឿ ជាដង្ហើមរបស់កូនចៅ ត្រូវបានអាជ្ញាធរថៃឲ្យបញ្ឈប់
១០៖ ប្លង់ផ្ទះ ប្លង់ដី អាជីវករភាគច្រើនយកទៅបញ្ជាំ យ៉ាងណាអាជ្ញាធរថៃ គួរតែទុករយៈពេល ឲ្យអាជីវករលក់ទំនិញឲ្យអស់សិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្រុមអាជីវករខ្មែរបានផ្ទុះការតវ៉ា និងនាំគ្នាឈរយ៉ាងពពាក់ពពូន ពេញផ្លូវក្រោមប្រាសាទកំពូល៣ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារតែពួកគេខឹងសម្បារ ការដែលសមត្ថកិច្ច និងមន្រ្តីជំនាញរបស់ថៃ ចុះមកចាប់ទំនិញរបស់ពួកគាត់ នៅក្នុងផ្សាររុងគ្លឿ តាំងពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទថា បានរំលោភកម្មសិទ្ធិបញ្ញា។  

ជាមួយគ្នានោះដែរ អភិបាលក្រុងប៉ោយប៉ែត បានសន្យាថា នឹងជួយដោះស្រាយបញ្ហានេះជូនបងប្អូន ជាមួយភាគីថៃ។ ជាការកត់សម្គាល់សមត្ថកិច្ច និងមន្រ្តីជំនាញរបស់ថៃ តែងតែចុះចាប់ទំនិញរបស់បងប្អូន ប្រជាពលរដ្ឋនៅផ្សាររុងគ្លឿ រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយចោទថា​ បានរំលោភកម្មសិទ្ធិបញ្ញា៕