(កូរ៉េខាងត្បូង)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជា ការការពារទប់ស្កាត់​នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃ របស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បានជ្រាបថា នៅថៃ្ងអាទិត្យទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារ សុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងបញ្ជូនក្រុមគ្រូពេទ្យរបស់មូលនិធិ ចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងអឺយចុងប៊ូ ជាន់ទី៥ ចាប់ពីម៉ោង១២ដល់ម៉ោង១៨ល្ងាច។​

នៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន និងក្រុមការងាររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ក្នុងហាងបឹងមាស ខណ្ឌជ្រោយចង្វារ លោក ឡុង ឌីម៉ង់​ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា សម្រាប់ការរស់នៅ និងធ្វើការរបស់បងប្អូនខ្មែរយើងមួយចំនួន នៅកូរ៉េបានជួបបញ្ហាសុខភាព ដោយសារតែកត្តាអាកាសធាតុ (ត្រជាក់ខ្លាំង) ទីកន្លែងស្នាក់នៅ (តូចចង្អៀត) និងជាពិសេសនោះ គឺការហូបចុកតែម្តង ដែលពលករខ្លះ មានការត្បិតត្បៀត និងរិះខាំដូច្នេះពួកគេមិនសូវទិញអាហារ ឬម្ហូបណា ដែលមានជាតិប៉ូវកម្លាំងនោះទេ ដោយពេលខ្លះឆុងមីហូបពេញមួយថ្ងៃៗ ជាហេតុនាំប៉ះពាល់ដល់សុខភាព។

តែសម្រាប់យុទ្ធនាការចុះពិនិត្យ និងព្យាបាលជម្ងឺជូនពួកគាត់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ លោក ឡុ​ង ឌីម៉ង់ បានលើកឡើងពីការចូលរួមយ៉ាងខ្លាំង លើការថែទាំងសុខភាពរបស់ពួកគេ ឲ្យមានភាពប្រសើរឡើងសម្រា​ប់ធ្វើការរាល់ថ្ងៃ និងកាត់ប​ន្ថយការចំណាយ លើការសេវាសុខភាពទៀតផង៕