(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកម្ចាក់មីន (CMAC) បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងមន្ត្រី CMAC បានបន្តរកឃើញគ្រាប់បែកទំលាក់​ពីយន្តហោះអាមរិក ប្រភេទ MK82 ចំនួន៤គ្រាប់​ ស្ថិតនៅភូមិគោកព្រីង​ ឃុំគោកត្រាប់​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ជាប់នឹងរាជធានីភ្នំពេញ។

លោក ហេង រតនា បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់បែកទាំង៤គ្រាប់នោះ មាន៣គ្រាប់ឃើញច្បាស់លាស់រួចហើយ ដោយល្ងាចថ្ងៃទី០១ ខែមីនានេះ​ CMAC នឹងប្រតិបតិ្តការដោះបន្សាប និងបោសសំអាតគ្រាប់បែកទំលាក់ ពីយន្តហោះរបស់អាមេរិកកាំងទាំង៤គ្រាប់នេះ។

ជាមួយគ្នានេះ អគ្គនាយករូបនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅភូមិគោកព្រីង​ ឃុំគោកត្រាប់​ ជួយចូលរួមសហការជាមួយមន្ត្រី CMAC ដោយអនុគ្រោះផង ​ ដើម្បីធានាសុវតិ្ភភាពគ្រប់ៗគ្នា។  

សូមជម្រាបថា នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ មន្ត្រី CMAC ទើបតែបានដោះគ្រាប់បែក ប្រភេទ MK82 ដែលមានទម្ងន់២២០គីឡូក្រាម ចេញភូមិភ្នំបុរី​ ឃុំព្រែកទោល​ ស្រុកអង្គរបុរី ខេត្តតាកែវ។

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕