(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អគារសិក្សា២ខ្នង កំពស់៣ជាន់ មាន៦០បន្ទប់ ក្នុងនោះ មានបំពាក់ម៉ាស៊ីនកុំព្យួទ័រ១០គ្រឿង, ម៉ាស៊ីនបោះពុម្ភ២គ្រឿង, ម៉ាស៊ីនថតចម្លង១គ្រឿង និងតុសិស្ស៦០០តុ។

បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យមានការរៀបចំតារាងបាល់ទាត់, បាល់ទះ, បាល់បោះ និងរៀបចំឲ្យ មានកន្លែងអត្តពលកម្មជាដើម។

ការប្រកាសផ្តល់ជូនពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន បានចុះ ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ សម្តេចឳ ស្ថិតក្នុងភូមិថ្នល់ សង្កាត់​ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០១​ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់សន្និសីទអន្តរជាតិ ថ្នាក់តំបន់​អាស៊ីប៉ាស៊ីហ្វិក​ស្តីពីការអភិវឌ្ឍន៍កុមារតូច នាព្រឹកថ្ងៃដដែល។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស ផ្តល់ប្រាក់ចំនួន១០លានរៀល​សំរាប់រៀបចំពិធីជប់​លៀងអបអរ​សាទរ ៨មីនា ខាងមុខនេះផងដែរ៕