(កណ្ដាល)៖ ប្រជាពលរដ្ឋរស់​នៅក្នុងឃុំ​សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ ជាច្រើនគ្រួសារបាន​នាំគ្នាធ្វើការ​សំណូមពរ​តាមរយៈ Fresh News សូមអោយ​លោកទេស​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី និងលោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧត្តុនិយម ជួយមានចំណាត់​ការប្រកាស​អោយប្រជាពល​រដ្ឋរស់នៅក្នុងភូមិ ឃុំរបស់ពួកគាត់បាន​ធ្វើការនេសាទ និងអាស្រ័យផល នៅលើទីតាំងដីក្បាល​អាងទឹកបឹងធំដែលមានទី​តាំងនៅខាងលិច​ផ្លូវជាតិលេខ១ ចន្លោះស្ពាន​ព្រែកតាកែវ និងព្រែកយួន​ ដូចដើមឡើងវិញផង ព្រោះបច្ចុប្បន្នដី​ក្បាលអាង​ទឹកសាធារណៈ​របស់រដ្ឋនេះ ត្រូវបានមន្ត្រីអាជ្ញាធរ​មូលដ្ឋានឃុបឃិត​គ្នា​លក់ទៅអោយ​ឈ្មួញអស់ ទៅហើយ​ពួកគាត់​មិនអាចចូល​នេសាទ និងអាស្រ័យ​ផល​បាន​នោះទេ។

អ្នកភូមិព្រែកតាកែវបានថ្លែងអោយដឹងថា នៅក្នុងឃុំសំរោងធំ​ទាំងមូលគឺមានអាងបឹងស្តុក​ទឹកសាធារណៈរ​បស់​រដ្ឋចំនួន២ ទុកសំរាប់ អោយប្រជាពលរដ្ឋ​យកទឹកធ្វើស្រែ ចំការ និងធ្វើការនេសាទដោះ​ស្រាយជីវភាព​ប្រចាំថ្ងៃជាដើម គឺក្បាលអាង​ទឹកបឹងធំ​ខាងលើ និងអាង ទឹកបឹងឆ្ដោដែលមានទីតាំងនៅខាងកើត។ ដោយឡែកក្បាល​អាងទឹកបឹងធំដែលមានទំហ៊ំ​ផ្ទៃដីប្រមាណ២០០ហិកតា​ បន្សល់ទុកតាំងពី​ជំនាន់ ប៉ុលពត មកនេះ ក្រោយបែក អាពត ប្រជាជនបានប្រើ​ប្រាស់ជាសាធារណៈ ដូចជាយកទឹក​ស្រោចស្រប និងនៅជាយៗ​អាងទឹក ប្រជាជនធ្វើស្រូវប្រដេញ​ទឹក ឬធ្វើចំការ និងធ្វើការនេសាទ​ដោយសេរី មិន​មានជាកម្មសិទ្ធិ​របស់បុគ្គលណា​ផ្ដាច់មុខនោះទេ តែក្រោយ មកនៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ស្រាប់តែមានឈ្មួញ​ទៅពីភ្នំពេញ ដែលគេស្គាល់​ឈ្មោះ ហ៊ ហ៊ុយ បានចុះទៅប្រមូល​ទិញដីនៅ​ជុំវិញក្បាលអាងទឹកបឹងធំនោះ រួចហើយឃុបឃិត​គ្នាជាមួយមន្ត្រី​អាជ្ញាធរភូមិ ឃុំ ស្រុកជាដើមធ្វើការទិញ លក់ដី​ក្បាលអាងទឹកបឹងធំ​ទាំងមូលតែម្ដង។

បច្ចុប្បន្ននេះ ដោយសារក្បាលអាងទឹកបឹងធំនេះ ត្រូវបានអាជ្ញាធរឃុប​ឃិត​លក់អោយ​ឈ្មួញទៅ​ពីភ្នំពេញនោះ ទើបឈ្មួញបាន​ធ្វើការហាម ឃាត់​មិនអោយប្រជាពលរដ្ឋ​ចូលអាស្រ័យ​ផល ឬធ្វើការនេសាទ​ជាដើម។ក្នុងនោះប្រជាពលរដ្ឋ​បានលើក​ឡើងថា បច្ចុប្បន្នឈ្មួញ​ដែលគ្រប់ គ្រងក្បាលអាងទឹកបឹង​ធំនេះ បានលក់ទីតាំងខាងលើ​ទៅអោយប្រជាពលរដ្ឋ​ដែលចង់ចូលបេះស្លឹក ផ្កា និងផ្លែឈូក ជាពិសេសប្រជាជន ដែលចូលទៅ​រកត្រីតែម្ដង ដោយសារតែបឹងនេះ​សំបូរត្រី ឈ្មួញជាម្ចាស់​បានកាត់ជាឡូត៍ ជាប្រឡាយ​លក់​អោយប្រជាជន​ធ្វើការ​នេសាទ ក្នុងមួយឆ្នាំៗ បានលុយ​រាប់មុឺនដុល្លារ​យកលុយយ៉ាងស្រួល​គ្មានប្រជាជនណា​ហ៊ានចូលរកដោយ​សេរីទៀតទេ។

ប្រជាជនបានលើកឡើងថា កាលពីពេលថ្មីៗនេះ ខណៈរាជរដ្ឋាភិបាល​សំរេចកាត់យក​ផ្ទៃដីជំលោះ​ពីឧកញ៉ា ឡោក ហួរ ដែល​មាន​ទីតាំង នៅជាប់ដីក្បាលអាងទឹកបឹងធំនោះទៅអោយ​ប្រជាពលរដ្ឋ គឺលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានចុះទៅ​ប្រកាស​អោយ​ប្រជាជនមានសិទ្ធិ ចេញ ចូល អាស្រ័យផល និងធ្វើការនេសាទស្របច្បាប់ដោយសេរីឡើងវិញ​ មិនមានការហាម​ឃាត់​ដូចពេលស្ថិតនៅក្រោមការគ្រប់គ្រង របស់ឧកញ៉ា ឡោក ហួរ ទៀតទេ។ បច្ចុប្បន្នប្រឡាយ បឹងដែលត្រូវ​បានរាជ​រដ្ឋាភិបាល​ដកហូតយកពីឧកញ៉ា ឡោក ហួរ យកទៅប្រគល់ អោយប្រជាជន គឺប្រជាជនមាន​សិទ្ធិចូលធ្វើការនេសាទ​ដោយសេរី កុំតែប្រើ​ឧបករណ៍​នេសាទល្មើស​ច្បាប់ តែសំរាប់ក្បាល​អាងទឹកបឹងធំ ដែលជាអាងស្តុក​ទឹក​សាធារណៈ​របស់​រដ្ឋស្រាប់ បែរជាប្រជាជន​គ្មាន​សិទ្ធិចូលធ្វើការ​នេសាទ និងអាស្រ័យ​ផលទៅវិញ។

ប្រជាជននៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលសង្ឃឹម​ថាលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏ដូចលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធាន​ទឹក ដែលជាក្រសួង​ជំនាញគ្រប់​គ្រងបឹងបួរ អាងទឹក​សាធារណៈ​....ជាដើមនោះ នឹងចុះទៅប្រកាស​អោយប្រជាជន​មានសិទ្ធិ ចូលធ្វើការនេសាទ និងអាស្រ័យផល​ជាសាធារណៈនៅ​លើផ្ទៃដី ផ្ទៃបឹងក្បាលអាងទឹកបឹង​ធំឡើងវិញ​ក្នុងពេលឆាប់ៗ​នេះ​ជាមិនខាន បើសង្ឍឹម ទៅលើអ្នកស្រី ប៊ុត វណ្ណា មេឃុំសំរោងធំវិញ មិនបាច់ថ្លែងទេ ឮថាប្រជាប្រិយភាព​របស់គាត់សំរាប់​ការឈរឈ្មោះបោះឆ្នោត​មេឃុំអាណត្តិនេះ ធ្លាក់នៅបាត​ដាល​ឯណោះ ដូចនេះមានតែថ្នាក់លើចុះ​ទៅជួយ​ស្ដារ​ឡើងវិញ​ប៉ុណ្ណោះ៕