(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារីទាំង៧នាក់ ដែលបានលង់ទឹកស្លាប់ នៅក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ។

ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំការរំលែកទុក្ខ សោកស្តាយ និងក្ដីអាណិតអាសូរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធសពកុមារីទាំង ៧នាក់ រួមមាន៖ ១/ កុមារីឈ្មោះ សិត ស្រម៉ៅ អាយុ៦ឆ្នាំ, ២/ កុមារីឈ្មោះ ពោល គា អាយុ ១០ឆ្នាំ, ៣/ កុមារីឈ្មោះ ហួរ ស្រីគឹម  អាយុ ៧ឆ្នាំ, ៤/ កុមារីឈ្មោះ ច្រាំង ស៊ីអ៊ី  អាយុ ១៣ឆ្នាំ, ៥/ កុមារីឈ្មោះ ជា សុខនឿន  អាយុ ៧ឆ្នាំ, ៦/ កុមារីឈ្មោះ ម៉េង ស្រីនុច  អាយុ ៦ឆ្នាំ និង៧/ កុមារីឈ្មោះ ហ៊ឹម ស្រីម៉ឺប  អាយុ៧ឆ្នាំ បានទៅកាន់ក្នុងសុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងពិធីចូលរួមបុណ្យសពនេះ លោកស្រី អគ្គលេខាធិការ បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារសពកុមារីទាំង ៧នាក់។ ចំណែកឯកុមារា និងកុមារី ៣នាក់ទៀត ដែលរួចពីស្លាប់ក្នុងគ្រោះថ្នាក់នៃការលង់ទឹកនោះក៏ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។

ក្នុងមនោសញ្ចេតនាដោយក្ដីក្រៀមក្រំនេះ ឪពុក-ម្តាយ និងក្រុមគ្រួសារសពរបស់កុមារីទាំង ៧នាក់ បានលើកដៃប្រណម្យសម្ដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តជ្រះថ្លា សណ្តោសប្រណី បានចាត់ឲ្យសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ មកចូលបុណ្យ និងសូមជូនពរដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

 

បឹងព្រែក​ទប់