(សៀមរាប)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ ចុះជួបពិភាក្សា និងផ្ដល់អនុ​សាសន៍ លើលក្ខណៈបច្ចេកទេស ជំនាញក្នុងការពង្រីក/ពង្រឹង នៃដំណើរការរៀបចំ គ្រប់គ្រង ចាត់ចែង និងការប្រព្រឹត្ត​ទៅ​របស់​សមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង ដើម្បីឱ្យទទួលបាននូវគុណភាព ប្រសិទ្ធភាព ប្រកបដោយ​ការទទួលខុសត្រូវ និងនិរន្តរភាព។

ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងស្នាក់ការសមាគបឹងពារាំង នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀម​រាប ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយនូវវិសាលភាព នៃវិស័យទេសចរណ៍ធម្មជាតិ នៅបឹងពារាំង និងសហគមន៍ជ្រាវ រួមនិងការចូលរួមអភិរក្សនូវធនធានធម្មជាតិ បរិស្ថាន សត្វស្លាប តំបន់ដីសើម មច្ឆាទឹកសាប ព្រៃលិចទឹកនៅតំបន់ទន្លេសាប និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការប្រកបរបរកសិកម្ម និងបង្កើនការងារជូនសហគមន៍ផងដែរ។

កិច្ចជំនួបនេះក៏មានការចូលរួមពី លោក គង់ មង្គល ប្រធានសមាជិកសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង និងវត្តមាន​លោក យិប ប្រង អ្នកជំនាញកសិកម្ម និងការលើកកម្ពស់ជីវភាពគ្រួសារសហគមន៍ និងគណៈកម្មការសមាគមសរុប៣០រូប។

ដោយក្នុងនោះ សហគមន៍ជ្រាវ មានកសិករមួយភាគបានប្រកបរបរដាំដំណាំ បន្លែបង្ការ ចិញ្ចឹមសត្វ ទើបលោក យិប ប្រង បានលើកបង្ហាញនូវបទពិសោធន៍ និងសមិទ្ធផលនានា ដែលលោកបានចូលរួមចំណែក ក្នុងការជួយដល់សហគមន៍ តាមរយៈ​កសិកម្ម ការចិញ្ចឹមសត្វ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារកសិករ និងសហគមន៍ រួមនិងការដែលលោកបាន​អនុវត្តផ្ទាល់ នៅក្នុងកសិដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងការផ្ដល់ជាវគ្គហ្វឹកហ្វឺន ក្នុងរយៈពេលជាង១០ឆ្នាំ កន្លងទៅនេះ ជូនជាបទពិសោធន៍ និងទស្សនទានដល់សមាគម និងសហគមន៍។

លោកប្រធានមន្ទីរទេសចរណ៍ បានលើកទឹកចិត្ត និងផ្ដល់នូវអនុសាសន៍ ជូនដល់គណៈកម្មការសមាគម ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ការរៀនសូត្រ ដកស្រង់បទពិសោធន៍ ការបង្កើនសមត្ថភាពខាងធនធានមនុស្ស លើការគ្រប់គ្រង ចាត់ចែង ការពង្រីក ពង្រឹងនូវសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកប្រធានបានបញ្ជាក់ថា តាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលធ្លាប់បានចុះមកដោយ​ផ្ទាល់ដល់សហគមន៍ជ្រាវ ក៏ដូចជាដើម្បីការគ្រប់គ្រង ចាត់ចែងសហគមន៍បឹងពារាំង សហគមន៍ជ្រាវ ឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់នោះ គឺខាងមន្ទីរទេសចរណ៍ អាជ្ញាធរខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធ បានត្រៀមខ្លួនជាស្រេច ក្នុងការជួយជ្រោមជ្រែង ដល់សមាគមសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ឲ្យមានដំណើរការឆ្ពោះទៅមុខ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ តាមរយៈប្រកាស ស្ដីពីស្ដង់ដារអប្បបរមា សម្រាប់​រមណីយដ្ឋានទេសចរណ៍ គឺបានសម្រេចក្នុងការលើកកម្ពស់កម្រិតគុណភាពសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ នៅតាមរមណីយ​ដ្ឋាន ឱ្យបានសមស្រប។ ការបណ្ដុះបណ្ដាលសេវាបដិសណ្ឋារកិច្ច និងមគ្គទ្ទេសក៍តាមសហគមន៍ទេសចរណ៍ និងសេវាកម្មម្ហូប​អាហារ ការស្នាក់នៅ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យផងដែរ គឺជាកត្តាដ៏សំខាន់ និងចាំបាច់សម្រាប់​សហគមន៍ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) ដូចជាសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង​នេះជាដើម៕