(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសផ្តល់ថវិកា២លានដុល្លារអាមេរិក បន្ថែមទៀត ដល់ក្រសួងការបរទេស សម្រាប់ការចំណាយក្នុងឆ្នាំ២០១៧ ដើម្បីទិញរថយន្តសមរម្យជូនស្ថានទូតខ្មែរ នៅក្រៅប្រទេស។

ការប្រកាសផ្តល់ថវិកានេះ បានធ្វើឡើងនៅក្នុងពិធីបិទ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ។ ការសម្រេចផ្តល់នេះ ក៏បានធ្វើឡើង​បន្ទាប់ពីមានសំណើផ្ទាល់មាត់ពី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ដែលអះអាងថា ស្ថានទូតខ្មែរ នៅប្រទេសមួយចំនួន កំពុងជួបបញ្ហាខ្វះមធ្យោបាយធ្វើដំណើរ ដើម្បីបំពេញកិច្ចការផ្សេងៗ ហើយថារថយន្តរបស់ស្ថានទូតកន្លងមកកាន់តែចាស់ខ្លាំងផងដែរ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្គាប់ឱ្យក្រសួងការបរទេស ប្រើប្រាស់ថវិកាទាំងនោះ ឱ្យបានសមរម្យ ហើយមិនត្រូវយកទៅទិញរថយន្តទំនើបជ្រុលពេកនោះទេ៕