(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ត្រង់ចំណុចក្លឹបកម្សាន្តចតុមុខ តាមបណ្តោយផ្លូវជាតិ​លេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពោលនៅខាងជើងស្ពានជ្រោយចង្វារ នៅល្ងាចមិញនេះ ជាលទ្ធផល នៃការខូចខាត ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣៩ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុង បង្កការផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៤៨គ្រួសារ ហើយបើគិតជាទំហំ​ខូចខាតអស់ប្រហែល​ខ្ទង់ម៉ឺន​ដុល្លារឯណោះ។

លោក ចាប ឌីណា នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះថា នៅពេលនេះអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានដឹកនាំមន្រ្តីមួយចំនួនទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីសួរនាំជនរងគ្រោះ និងវាយតម្លៃនៃទំហំការខូចខាត។

លោក ចាប ឌីណា បានបន្តថា «មូលហេតុដែលកើតមានអគ្គិភ័យ នៅថ្ងៃម្សិលមិញនោះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង»។

លោកបានបន្ថែមថា អគ្គិភ័យនៅថ្ងៃម្សិលមិញ បានពន្លត់ទាំងស្រុងទៅវិញ នៅវេលាម៉ោង១៨៖៣០នាទី។ ក្នុងប្រតិបត្តិការ​ពន្លត់អគ្គិភ័យនោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញអស់​ចំនួន២០គ្រឿង, អូប័ររបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យជើងទឹក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន ២គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង, សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង, សាលាខណ្ឌ​ជ្រោយចង្វារចំនួន៥គ្រឿង, ក្រសួងមហាផ្ទៃចំនួន១គ្រឿង និងរថយន្តស្ថានីយ៍កម្ពុជាតេឡា ចំនួន១គ្រឿង៕