(កណ្តាល)៖ នៅព្រឹកថ្ងៃទី​១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយមនុស្សធម៌ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ​ ដែលមានបុគ្គលិក​ ៤នាក់ និងកុមារ​កំព្រា ២២នាក់​ ស្ថិតនៅភូមិក្រសាំង​ ឃុំជើងកើប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

ក្នុងឱកាសសំណេះសំណាល​ និងប្រគល់អំណោយនោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តាំផ្ញើសួរសុខទុក្ខ​ ការ​អាណិតអាសូរ​ និងក្តីស្រឡាញ់ចំពោះ ក្មួយៗកុមារទាំងអស់ ដែលរស់នៅក្នុងសមាគម​ស្នាមញញឹមថ្មីនៃក្តីសង្ឃឹម​របស់​កុមារ។ ទន្ទឹមនឹងនោះ លោកស្រី អគ្គលេខាធិការរងទី១ បានផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់​ ត្រូវចេះថែទាំសុខភាព​ឱ្យបានល្អ​ ទម្លាប់​ហូបស្អាត​ និងផឹកទឹកដាំឆ្អិន​ ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅ​មកប្រៀបដូចបងប្អូនបង្កើត​ ពិសេស​ ត្រូវ​ជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ​ ឬការប្រើប្រាស់គ្រឿងញៀន​ ដោយខិតខំសិក្សារៀនសូត្រ ដើម្បីអនាគត​ល្អរបស់ខ្លួន។

ឆ្លើយតបទៅនឹងអំណោយដ៏ថ្លៃថ្លាទាំងនេះ បុគ្គលិក​ និងកុមារទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាមនុស្សធម៌ តែងមានចិត្តសប្បុរស​ និងក្តីអាណិតអាសូរចំពោះ​ជនទាំងឡាយដែល​ជួបការលំបាក ដោយមិនមានការរើសអើង វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។ ពួកគាត់សូមជូនពរ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីធ្វើជាម្លប់ដ៏កក់ក្តៅរបស់ក្មួយៗកុមារ​ និងជនងាយរងគ្រោះឲ្យបានយូរអង្វែងតទៅ។

អំណោយដែលបានផ្តល់ជូនសមាគម រួមមាន ៖ អង្ករ ២តោន​ និង១០០គីឡូក្រាម មី ២០កេស ត្រីខ ២០០កំប៉ុង ទឹកបរិសុទ្ធ ៥កេសធំ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អាហារវីតាមីន ៥កេស ស្មើនឹង ១៨០កញ្ចប់ បង្គន់ផ្លាស្ទីក​ចំនួន ១០​ ម៉ូតូកង់បីសម្រាប់ដឹកសិស្ស​ ១គ្រឿង​ និងថវិកា ៥លានរៀល។ ដោយឡែក កុមារទាំង ២២នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២ម៉ឺនរៀល។​ រីឯ​ បុគ្គលិក​ ៤នាក់​ ម្នាក់ៗទទួលបាន​ ៖​ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល៕