(រតនគិរី)៖ មន្ត្រីរាជការ និងពលរដ្ឋបានរិះគន់ខ្លាំងៗ​ លើសមត្ថកិច្ចក្រុងបានលុង ខេត្តរតនគិរី ដែលមិនព្រមចេញ​បង្ក្រាបល្បែង​ភ្នាល់បាល់ទាត់​ ដែលកំពុងរីករាលដាលពាសពេញមូលដ្ឋាន​ ជ្រកក្រោមយីហោហាងកាហ្វេ កន្លែងខ្លះបើកដោយចំហ។​ ភាព​អសកម្មនេះត្រូវបានប្រជាពលរដ្ឋ លើកឡើងថា សម្ថតកិច្ចទទួលបានលុយប្រចាំខែ​ ពីទីតាំងជាច្រើនកន្លែងខាងលើ ហើយកត្តា​នេះនឹងធ្វើឲ្យមានបទល្មើសកើតឡើងយ៉ាងច្រើនផងដែរ។

បើតាមប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីកន្លែងភ្នាល់បាល់ទាត់ បានប្រាប់ឲ្យដឹងថា ពួកគាត់សង្កេតឃើញ​មន្ត្រីរាជការ អ្នករកស៊ីមានមុខមាត់នៅក្រុងបានលុង ចេញ-ចូលញឹកញាប់ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ប្រភពព័ត៌មានខាងលើបានបន្តថា កន្លែងភ្នាល់បាល់ទាត់នេះ មានដំឡើងប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យភ្ញៀវជ្រើសរើសគូប្រកូត ដែល​ខ្លួន​ស្រឡាញ់ចាក់លុយរួច ហើយខាងក្រុមមេបាល់ចេញវិក័យប័ត្រឲ្យហើយក្នុងមួយថ្ងៃៗ មានសាច់ប្រាក់​រាប់ម៉ឺនដុល្លារ​ឯណោះ។​

ការដែលសមត្ថកិច្ចនគរបាល អាវុធហត្ថក្រុងបានលុង មិនបង្ក្រាបទីតាំងកន្លែងបនល្បែង មិនអនុវត្តតាមបទ​បញ្ជារបស់រាជ​រដ្ឋាភិបាល ស្តីពីគោលនយោ​បាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចនោះ ដោយសារតែមេល្បែងភ្នាល់​បាល់ទាត់បង់​លុយប្រចាំខែឲ្យជាទីគាប់ចិត្ត។

ប្រភពព័ត៌មានផ្សេងទៀត បានប្រាប់ឲ្យដឹងថា មានមន្ត្រីសាលាក្រុងបានលុង ម្នាក់ឈ្មោះ កៃ សាវិន ជាអ្នកប្រមូលលុយ​ប្រចាំខែ​ពី​កន្លែងភ្នាល់បាល់ ដោយមិនខ្វល់ពីភាពអសន្តិសុខ ដែលកើតឡើងដោយក្រុមញៀនល្បែងភ្នាល់ចាញ់អស់លុយនោះទេ។

ភ្នាក់ងារ Fresh News បានសុំការបំភ្លឺដែរពី លោក ងិន ណែល អភិបាលក្រុងបានលុង តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧នេះ ប៉ុន្តែលោកប្រាប់យ៉ាងខ្លីថា «ជាប់ប្រជុំ» រួចផ្តាច់ទូរស័ព្ទតែម្តង៕