(​កណ្តាល)៖ ក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៏ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍន៍​ ដំណាំស្រូវក្រអូបធម្មជាតិពី​រាជរដ្ឋា​ភិបាល​កម្ពុជា តែងតែគិតគូ​ដល់ប្រជាកសិករ ខណៈដែលពួកគាត់មានផ្ទៃដីស្រែ ជាប់នឹងតំបន់អភិវឌ្ឍន៍​ដោយក្រុមហ៊ុន​បានបង្ហូរទឹកជូនទៅកាន់ដី ស្រែទាំងនោះ ដើម្បីអោយ​មានលទ្ធភាព​ក្នុងការបង្កបង្កើន​ផលស្រូវ​ ជាលើកទី២ដូចឆ្នាំកន្លងៗទៅ ។

លោក តាំង សុខឃី ជំនួយការក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍បានថ្លែងអោយដឹងនៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧នេះថា ថ្ងៃនេះ ក្រុមហ៊ុនបានប្រើប្រាស់គ្រឿងចក្រ ដើម្បីកាប់បង្ហូរទឹកដែលក្រុមហ៊ុន​បានស្តុកទុក​បញ្ចូល ទៅកាន់ដីស្រែ​របស់ប្រជា​កសិករដែលមាន ទំហំប្រមាណ១១០ហិកតា ស្មើនឹងជាង៣០គ្រួសារ ដើម្បីអោយពួកគាត់មានលទ្ធភាព បង្កបង្កើន​ផលដំណាំស្រូវ ​រដូវប្រាំងលើកទី២ ជូនប្រជាកសិករដែលស្ថិត ក្នុងឃុំ​កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។លោកបន្តថា កន្លងមកពួកគាត់បង្កបង្កើនផលស្រូវ បានតែមួយលើកប៉ុណ្ណោះក្នុង ១ឆ្នាំៗ ប៉ុន្តែនៅពេលនេះក្រុមហ៊ុន បានផ្ដល់ទឹកជូន​ទៅពួកគាត់នឹងអាចបង្កបង្កើនផលស្រូវ បាន២លើកក្នុង១ឆ្នាំ ។

លោកក៏ថ្លែងបញ្ជាក់បន្តថា ការផ្តល់ទឹកជូនប្រជាកសិករនេះ​មិនមែន​ជាលើក១ទេ គឺក្រុមហ៊ុនតែងតែ​អនុវត្តន៍ជារៀងរាល់ ឆ្នាំក្នុងការចែកទឹកជូន​ប្រជាកសិករ​ដែលពួកគាត់​ មានផ្ទៃស្រែជាប់នឹងតំបន់​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន។ លោកអះអាងថា ការផ្តល់ទឹក នេះគឺពុំយកកម្រៃអ្វីទាំងអស់ សំខាន់ជួយជម្រុញអោយប្រជាកសិករ ទទួលបានទឹកប្រើប្រាស់​តាមតម្រូវការ​ស្របៗគ្នា​​ជាមួយក្រុមហ៊ុន ។

លោកស្រី ស៊ុំ ស៊ីណុំ អាយុ៤១ ឆ្នាំ រស់នៅភូមិដងគោម ដែលទទួលបាននូវការចែកចាយទឹក ពីក្រុមហ៊ុនចូលដីស្រែ របស់គាត់​នោះ បានថ្លែងដោយទឹកចិត្តត្រេកអរ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌នេះ ព្រោះថាដីស្រែរបស់គាត់ បង្ក​បង្កើនផល បានតែ១លើកប៉ុណ្ណោះក្នុង១ឆ្នាំ តែនៅពេលបានទឹកនេះ គឺគាត់អាចដាំដុះស្រូវជាលើកទី២បានយ៉ាងងាយ ដែល​ទទួល​បានទិន្នផល ស្រូវទ្វេរដង។

សូមបញ្ចាក់ផងដែរថា ក្នុងឱកាសផ្តល់ទឹកជូនប្រជាកសិករ នៅជាប់តំបន់អភិវឌ្ឍន៍​កសិកម្មសុខសែនជ័យនេះ ក្រុមហ៊ុន ក៏ចាប់ផ្តើម ដំណើរការការដាំដុះ​ដំណាំស្រូវរបស់ខ្លួន​ នៅលើទំហំផ្ទៃដី៩៨០ហិកតាផងដែរ ដែលស្ថិតនៅក្នុង​តំណាក់កាល​ចាប់ផ្តើមព្រួសពូជ ស្រូវយ៉ាង​មមាញឹក​ផងដែរ៕