(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើដ បានលើកឡើងថា វាជាពេលដ៏ល្អមួយសម្រាប់កម្ពុជា និងអាមេរិកងាកមកសាង ទំនាក់ទំនងជិតដិតជាមួយគ្នា គ្រារដ្ឋបាលថ្មីរបស់អាមេរិក ដែលទើបចាប់កំណើតបានរយៈពេលប្រមាណ ៥០ថ្ងៃ កំពុងកសាងឡើងវិញនូវទំនាក់ទំនង ជាមួយបណ្តាប្រទេសលើពិភពលោក។

ការថ្លែងបង្ហាញផ្លូវចង់ឃើញកម្ពុជា សាងទំនាក់ទំនងល្អ និងជិតដិតជាមួយអាមេរិក ពីសំណាក់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បានធ្វើឡើងក្រោយពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយប្រហារធ្ងន់ៗជាបន្តបន្ទាប់ទៅលើប្រទេសអាមេរិក។ ជាពិសេសការដើរបង្កសង្រ្គាមនៅបណ្តាប្រទេសនានា បង្កការបំផ្លិចបំផ្លាញ និងទុក្ខវេទនាដល់ប្រជាពលរដ្ឋប្រទេសទាំងនោះ។

ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វីក ស្តីពីការអភិវឌ្ឍន៍កុមារតូចៗ នៅខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែមីនាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅលើអាមេរិកថា ជាអ្នកដែលបាននាំទុក្ខវេទនាច្រើនជាងគេសម្រាប់កុមារ ព្រោះប្រទេសនេះបាននាំកងទ័ព ទៅឈ្លានពានប្រទេសដទៃ បង្កជាភ្លើងសង្រ្គាម ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថា ភ្លើងសង្រ្គាមកើតពីការឈ្លានពាន របស់អាមេរិកកាលពីទសវត្សរ៍ឆ្នាំ៧០ បានបន្តបង្កផលលំបាកដល់កុមារកម្ពុជារហូតដល់បច្ចុប្បន្ន។

សម្តេចនាយករដ្ឋមន្រ្តីថែមទាំងទទូចឲ្យប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកងើបឡើងថ្កោលទោស ចំពោះសកម្មភាពបង្កសង្រ្គាម និងការឈា្លនពាន របស់អាមេរិកទៅលើបណ្តាប្រទេសដទៃ ជាពិសេសនៅតំបន់មជ្ឈឹមបូព៌ា។

ឆ្លើយនឹងសំណួររបស់អ្នកព័ត៌មានថា តើមានប្រតិកម្មយ៉ាងណាចំពោះការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា? លោកឯកអគ្គរដ្ឋទូតអាមេរិក បានសូមមិនធ្វើការបញ្ជាក់ និងឆ្លើយតបនោះឡើយ។

ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតអាមេរិកលោក វីលៀម ហើដ បានផ្តល់ជាយោបល់ថា កម្ពុជា និងអាមេរិក គួរតែងាកមកជិតស្និទ្ធនឹងគ្នា។

ថ្លែងប្រាប់អ្នកព័ត៌មានក្នុងពេលចូលរួមវេទិកាចក្ខុវិស័យកម្ពុជាឆ្នាំ២០១៧ ស្តីពី «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់» នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ លោក វីលៀម ហើដ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំគិតថា យើងទើបតែ មានរដ្ឋបាលវ៉ាស៊ីនតោនដ៏ថ្មីសន្លាង រយៈពេលទើបតែ៥០ថ្ងៃប៉ុណ្ណោះក្នុងការកាន់អំណាច ហើយបានឃើញហើយថា ពួកគេ បានជះឥទ្ធិពលដល់ ប្រទេសនានា នៅទូទាំងសកលលោក ក្នុងការបង្កើតឡើងវិញនូវមិត្តភាពទាំងឡាយថ្មីមួយ។ ដូចជាពេលនេះមន្ត្រីជាន់ខ្ពស់ចិនលោក យ៉ាង កំពុងបំពេញទស្សនកិច្ចនៅអាមេរិក ហើយវាជាពេលល្អដែលកម្ពុជា និងអាមេរិក គួរងាកមកជិតស្និទ្ធនឹងគ្នាជាមួយនឹងទំនាក់ទំនង ជិតដិតជាងមុន។ យើងមិនគួររិះគន់គ្នានោះទេ ដោយយើងគួរសម្លឹងរកឱកាសក្នុងការរួមសហការគ្នា ហើយគឺភាគច្រើនជឿជាក់លើរឿងនេះ ដូចដែលយើងបានធ្វើ ជាច្រើនរួចមកហើយ...»

ជាការកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ស្ទើរតែគ្រប់វេទិកាសាធារណៈតែងបានឆ្លៀតវាយប្រហារ និងរិះគន់ខ្លាំងលើ ប្រទេសអាមេរិក។ ជាពិសេសការបង្កភ្លើងសង្រ្គាមនាំមកនូវទុក្ខវេទនាសម្រាប់ប្រទេសនៅតំបន់មជ្ឈឹមបូព៌ា រួមទាំងការបង្កភ្លើងសង្រ្គាមនៅកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៧០ ជាមួយការទម្លាក់គ្រាប់បែកទម្ងន់រាប់រយតោនលើដែនដីកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី ក៏តែងប្រឆាំងការទាមទារបំណុលរបស់អាមេរិក ដែលកម្ពុជាជំពាក់ក្នុងសម័យសង្រ្គាមនោះផងដែរ។ សម្តេចបានហៅអាមេរិកថា មកវាយកម្ពុជា យកគ្រាប់បែកទម្លាក់បំផ្លាញកម្ពុជាហើយ មកទារលុយពីកម្ពុជាថែមទៀត ដែលសម្តេចចាត់ទុកជាដ៏អយុត្តិធម៌សម្រាប់កម្ពុជា៕

សូមស្តាប់ការឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន៖