(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុង​ចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេស​កំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់​ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ  ។

ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ BRED Populaire របស់បារាំងដែល​មានបុគ្គលិក ចំនួន៤ម៉ឺននាក់ ហើយចំពោះលោកផ្ទាល់ គឺមានសេចក្តីរីករាយណាស់ ដែលបានមកវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា ដែលជាប្រទេសកំពុងមានស្ថិរភាព និងកំណើនសេដ្ឋកិច្ចល្អ។ តាមពិតទៅ ធនាគារ BRED Populaire បានបង្កើត​ឡើងតាំងពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ ក្រុមហ៊ុនបានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឲ្យ​សហគ្រាសបារាំងបានខ្ចីលុយគ្រប់គ្រាន់ ដើម្បីជម្រុញការងារ វិនិយោគរបស់គេ។

លោក Olivier Klein បានបន្ថែមថា ធនាគារនេះ ក៏បានចាប់ផ្តើមឡើងជាមួយយុទ្ធសាស្ត្រ សហការជាមួយសហគ្រាសទាំងក្នុង និងក្រៅប្រទេស សម្រាប់រយៈពេលវែង។

លោក Olivier Klein ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែនដែលបាន គាំទ្រឲ្យធនាគារ BRED Populaire មានវត្តមាននៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ ធនាគារ BRED Populaire ដែលបានមកវិនិយោគនៅកម្ពុជា ដែលជាការបង្ហាញ​ឲ្យអ្នកវិនិយោគទុនបារាំងដទៃៗ ទៀតកាន់តែមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការមកបណ្តាក់ទុននៅក្ពុជា៕