(ភ្នំពេញ)៖ លោក កៅ​ ខុន​ដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត​ វិធានការទាំងក្របខណ្ឌជាតិ​ អន្តរជាតិ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តន៍នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១​ ហើយរយៈពេល២ខែនេះ ​កម្ពុជាបានអប់រំដល់ប្រជាពលរដ្ឋបានចំនួនជិត១លាននាក់​ និងបានបញ្ជូនអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាលស្តារនីតិសម្បទា បានចំនួនជិត៤ពាន់នាក់​ ពិសេសបង្រ្កាបបទល្មើសគ្រឿងញៀន បាន១៨៧៥ករណី​ ឃាត់ខ្លួនជនល្មើសបាន៤៤២៥នាក់​ ដែលបានធ្វើឱ្យ បទល្មើសមានការថយចុះ​។

លោក កៅ​ ខុន​ដារ៉ា​ បានថ្លែងបែបនេះ ខណៈលោកបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ស្តីពីផែនការប្រតិបត្តិ ក្នុងតំបន់ត្រីកោណមាស ជាមួយប្រទេសផ្តល់ជំនួយ​ និងទីភ្នាក់ងារអន្តរជាតិ នៅប្រទេសថៃ​ នាថ្ងៃទី២ ខែមីនា​ ឆ្នាំ២០១៧នេះ។

បន្ថែមពីលើនេះ លោក កៅ​ ខុន​ដារ៉ា​ បានឲ្យដឹងថា កម្ពុជាមិនមែនជា ប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែដោយសារ ឥទ្ធិពល នៃការផលិត​ និងចរាចរគ្រឿងញៀន នៅក្នុងតំបន់និងពិភពលោក រួមជាមួយភូមិសាស្រ្តកម្ពុជានៅជិតតំបន់ ត្រីកោណមាស ធ្វើឲ្យឈ្មួញទុច្ចរិត បន្តរិះរកគ្រប់កលល្បិច និងមធ្យោបាយដើម្បីប្រើ្របាស់ប្រទេសកម្ពុជា ធ្វើជាទីកន្លែងឆ្លងកាត់​ ដឹកជញ្ជូន​គ្រឿងញៀនខុសច្បាប់ទៅកាន់ប្រទេសទី៣​ និងប្រើប្រាស់មួយចំនួន នៅក្នុងប្រទេសកម្ពុជា​ដែលបណ្តាល ឲ្យបញ្ហាគ្រឿងញៀនកាន់តែស្មុគស្មាញ និងបង្កគំរាមកំហែង ដល់បញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍជាតិ​ និងសុខមាលភាពប្រជាពលរដ្ឋ​។

ក្នុងឱកាសនោះ​ លោក ​កៅ​ ខុនដារ៉ា បានថ្លែងប្រាប់ពី គោលបំណងនៃកិច្ចប្រជុំថា​ គឺដើម្បីស្វែងរកការគាំទ្រ ដល់ការអនុវត្ត ផែនការ កិច្ចសហប្រតិបត្តិការប្រឆាំងនឹងការផលិត​និងចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ត្រីកោណមាស។

លោក កៅ​ ខុនដារ៉ា​ បានថ្លែងគាំទ្រយ៉ាងពេញទំហឹងនូវផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស​ ប្តេជ្ញាចូលរួមគ្រប់លទ្ធភាព​ និងបានអំពាវនាវឱ្យប្រទេសផ្តល់ជំនួយ​ និងទីភ្នាក់ងារអន្តជាតិពិនិត្យលទ្ធភាព ផ្តល់ការគាំទ្រក្រោម រូបភាព ជាជំនួយសម្ភារ ថវិកា​ បច្ចេកទេស​ មធ្យោបាយ ក៏ដូចជាការលើកកម្ពស់ សមត្ថភាពមន្រ្តីពាក​ព័ន្ធដើម្បីឱ្យផែនការនេះ អនុវត្តន៍បានជោគជ័យ​៕