(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានផ្តល់គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់គ្រួសាររងគ្រោះចំនួន៤៨គ្រួសារ ដែលបានទទួលរងគ្រោះដោយ ភ្លើងឆេះផ្ទះ ដែលបានបំផ្លាញផ្ទះចំនួន៣៩ខ្នង កាលពីល្ងាចថ្ងៃម្សិលម៉ិញនេះ នៅខាងជើងស្ពានជ្រោយចង្វារ ស្ថិតក្នុងភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។

លោកស្រី ម៉ែ នារីសោភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ហើយក៏បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម និងប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។

គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកភ្លាមៗដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា៕