(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៨៖៤៥នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ បានយាងចេញទៅពិនិត្យ​ព្រះរាជសុខភាព​នៅទីក្រុងប៉េកាំង ប្រទេសចិន។

អញ្ជើញយាងព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយឡើងយន្តហោះនាព្រឹកនេះ រួមមានវត្តមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា និង ព្រះញាតិវង្សានុវង្សជាច្រើនអង្គទៀត។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រិយ តែងតែយាងទៅពិនិត្យព្រះរាជសុខភាព​យ៉ាងទៀងទាត់នៅ​ទីក្រុងប៉េកាំង ប្រទេសចិន គឺក្នុងមួយឆ្នាំពីរដង។ ការយាងចេញទៅពិនិត្យព្រះរាជសុខភាពលើកនេះ មិនទាន់មានការបញ្ជាក់​ព័ត៌មានថា ព្រះអង្គទាំងទ្វេ នឹងយាងត្រឡប់មកកម្ពុជាវិញនាពេលណានោះទេ។

ក្នុងអំឡុងព្រះអវត្តមានព្រះមហាក្សត្រខ្មែរនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលភារៈជា​ប្រមុខរដ្ឋស្តីទី ដើម្បីធ្វើការសម្រេចលើការងារផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕