(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីភាពប្រារព្ធ «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើងនៅសាលមហោស្រពចតុមុខ។

មិនខុសពីឆ្នាំមុននោះទេ «ទិវាវប្បធម៌ជាតិ» នៅឆ្នាំនេះ ក៏នឹងប្រារព្វធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដដែល។

លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះថា ទិវាវប្បធម៌ជាតិ ៣ មីនានេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់កូនខ្មែរជំនាន់ក្រោយ។

លោកស្រីបន្តថា ព្រឹត្តិការណ៍នៃទិវាវប្បធម៌ជាតិនេះ នឹងបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ ដល់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ និងឲ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មនសិការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិតលើកតម្កើងកេរដំណែល វប្បធម៌ជាតិទាំងរូបី និងអរូបី ឲ្យបានស្ថិតស្ថេរគង់វង្ស។

លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ដែរថា ទិវាវប្បធម៌នេះ ធ្វើឡើងក្នុងបំណងបំផុសស្មារតីយុវជនខ្មែរ ឲ្យបង្កើនការស្រឡាញ់ និងចូលរួមសិក្សាចំណេះជំនាញពីវប្បធម៌ខ្មែរ និងបង្កើតស្នាដៃថ្មីៗឲ្យបានកាន់តែច្រើនថែមទៀត។

លោកស្រីរដ្ឋមន្រ្តី ក៏បានបង្ហាញលទ្ធផលវិជ្ជមាន នៃការផ្សព្វផ្សាយវប្បធម៌ជាតិ ទៅកាន់យុវជនជំនាន់ក្រោយផងដែរ តាមរយការប្រារព្ធទិវា វប្បធម៌ជាតិនេះ។ លោកស្រី បច្ចុប្បន្នមានយុវជនខ្មែរច្រើន បានជ្រូតជ្រាបអំពីតម្លៃវប្បធម៌ជាតិ ហើយក៏បានបង្ហាញស្រឡាញ់ទៅលើវប្បធម៌ជាតិនេះ ប៉ុន្តែមិនទាន់បានដូចការចង់បានរបស់ក្រសួងនៅឡើយទេ។

បើតាមលោកស្រី ភឿង សក្កណា ក្នុងឱកាសប្រារព្ធទិវាវប្បធម៌ល្ងាចនេះ ក៏នឹងមានផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន នឹងលើកមកបង្ហាញដូចជា វីដេអូអប់រំ ការសម្តែងរបាំ និងល្ខោនអប់រំខ្លីៗជាដើម៕