(ភ្នំពេញ)៖ តាមរបាយការណ៍បូកសរុបលទ្ធផល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានបង្ហាញថា នៅខែកុម្ភៈនេះ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ចេញបង្ក្រាបបាន ៩២១ករណី ឃាត់ខ្លួន២,០៥៣ករណី ក្នុងនោះមានស្ត្រី២១៥នាក់ ក្នុងនោះករណី ជួញដូរមាន៥៨២ករណី ឃាត់ខ្លួន១០២៧នាក់ និងករណីប្រើប្រាស់ ៣៣៨ករណី ឃាត់ខ្លួន១០២៦នាក់។

 របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបពេញ១ខែកុម្ភៈ សមត្ថកិច្ចបានចាប់យកសារធាតុញៀន ៧,២៥១.២៨ក្រោម និងកញ្ឆា ៩៧,៤៧៨ដើមដកហូតរថយន្ត១៥គ្រឿង ម៉ូតូ២០៨គ្រឿង ទូរស័ព្ទដៃ៦៣៩គ្រឿង។

គួរកត់សម្គាល់ថា ខែកុម្ភៈនោះ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណី​ជួញដូគ្រឿងញៀនធំៗ ចំនួន២ករណី គឺថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ សហការជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តជាតិភ្នំពេញ បង្ក្រាបករណីនាំចូលតូកាអ៊ីន១ករណី ឃាត់ខ្លួនស្រ្ដីជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ចាប់យកកូកាអ៊ីនទម្ងន់ ២,០៧១.២២ក្រាម។

ក្រៅពីនេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះបង្ក្រាប១ករណីទៀត នៅខេត្តស្ទឹងត្រែង ឃាត់ខ្លួន​មន្ត្រីនគបាល​ខេត្តស្ទឹងត្រែងម្នាក់ ចាប់យកគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (WY) ចំនួន១២សុង ស្មើនឹង ២៤,០០០គ្រាប់ អាវុធខ្លី១ដើម និងរថយន្ត១គ្រឿង៕