(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រផ្លូវ១០០៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានផ្ញើលិខិតមកកាន់​អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ជាមួយការសម្តែងក្តីហួសចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនមានវិធានការទប់ស្កាត់ចំពោះសំណង់តូចធំ ដែលបានសង់អាណាធិបតេយ្យតាមបណ្តោយផ្លូវ១០០៥ រំលោភចូលដីសាធារណៈរបស់រដ្ឋ ក្នុងសង្កាត់ភ្នំពេញថ្មី។

លិខិតរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្ញើមកនេះមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«សំណង់ថ្មីៗកំពុងសាងសង់លើផ្លូវសាធារណលេខ១០០៥ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ អាជ្ញាធរបិទភ្នែក មិនដឹងមិនលឺ» !

យើងខ្ញុំជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រផ្លូវ១០០៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សែនហួសចិត្តចំពោះសំណង់មាន​ផ្ទះល្វែង, ឃ្លាំងស្តុកទំនិញ ជាច្រើនកន្លែង ដែលកំពុងសាងសង់ថ្មីៗ ស្ថិតលើផ្លូវលេខ១០០៥ ដែលជាផ្លូវសាធារណៈរបស់រដ្ឋ ដោយសកម្មភាពរំលោភយកផ្លូវរដ្ឋ មកធ្វើជាសម្បត្តិ ឯកជនធ្វើព្រងើយ ពុំត្រូវបានអាជ្ញាធរមូលដ្ឋាន ឬស្ថាបន័ពាក់ពន្ធ័ មានវិធានការទប់ស្កាត់ឡើយ ផ្ទុយទៅវិញ គឺបានបណ្តែតបណ្តោយ ឲ្យសំណង់អាណាធិបតេយ្យទាំងនោះ​សង់យ៉ាងរំភើយ​ទៅវិញ។ តើឲ្យពលរដ្ឋមានក្តីសង្ឃឹមយ៉ាងដូចម្តេច បើអាជ្ញាធរខ្វះវិធានការ ទៅលើសំណង់ល្មើសច្បាប់ ដែលបានសង់​យ៉ាងអាណាធិបតេយ្យជនលើផ្លូវលេខ១០០៥នោះ?

តាមរយៈសារព័ត៌មាន Fresh News សូមស្ថាបន័ពាក់ពន្ធ័ ពិសេសសាលារាជធានីភ្នំពេញគួរពិនិត្យ និងមានវិធានការជាបន្ទាន់​បើមិនអញ្ចឹងទេ ផ្លូវលេខ១០០៥ នឹងមានការទន្រ្ទានយកជាបន្តបន្ទាប់ហើយ។

សូមបញ្ជាក់ថា ជុំវិញបញ្ហានេះអង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាននៅឡើយនោះទេ៕