(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រឿងតម្លៃស្រូវ អង្ករ ចុះថោក គឺជារឿងដែលរាជរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្លាំងណាស់។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា តម្លៃធ្លាក់ថ្លៃនេះដោយសារប្រទេសផលិតស្រូវ បានដូចជាថៃ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌាជាដើម ផលិតស្រូវបានរាប់លានតោន ហើយការនាំចេញគឺធ្លាក់ចុះដូចគ្នា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បញ្ហាធ្លាក់ថ្លៃស្រូវនេះ គឺត្រូវបានគណបក្សនយោបាយមួយចំនួនកំពុងយកធ្វើជាប្រជាភិថុតិ ក្នុងការស្វែងរក សំឡេងឆ្នោត។ សម្តេចបានហៅអ្នកឃោសនានោះ គឺដើម្បីតែសំឡេងឆ្នោត ដោយគ្មានដំណោះស្រាយនោះឡើយ ពោលពេលចូលផ្សារនិយាយសន្យា ទម្លាក់ថ្លៃអង្ករ ហើយពេលចុះស្រែបែរជានិយាយសន្យាថា នឹងដំឡើងថ្លៃស្រូវជូនប្រជាពលរដ្ឋទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ខណៈសម្តេចតេជោ អញ្ជើញជាអធិបតីភាពកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ស្ថិតក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុក កំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បញ្ហាចោទឡើងនៅក្នុងប្រទេសរបស់យើង តម្លៃស្រូវទាបរឿងនេះ ជារឿងដែលយើងកំពុងយកចិត្តទុកដាក់ ទាបនៅស្រុកយើងប៉ុណ្នឹងហើយ ខ្ញុំករុណាខ្ញុំទៅប្រជុំនៅស្វីស វេទិកាសេដ្ឋកិច្ចពិភពលោក បែរជាគេនិយាយថា តំលៃស្បៀងខ្ពស់ណាស់ ខ្ញុំពេលហ្នឹងស្រែកថា អ្នកឯងនិយាយថា ខ្ពស់ឯខ្ញុំនៅទីនេះ ទាបណាស់មិនរួចថ្លៃដើមចឹងយើងសុំទាមទារឲ្យប្រទេសផលិតស្បៀង កាត់បន្ថយតម្លៃស្បៀង ឯពួកអ្នកផលិតស្បៀង ទាមទារឲ្យទម្លាក់តម្លៃប្រេង ថ្នាំពេទ្យ និងគ្រឿងចក្រឲ្យទំលាក់ថ្លៃឲ្យអស់មក»។
សម្តេចតេជោ បានបន្ដែមទៀតថា «យើងលក់ស្រូវថោក ទៅទិញថ្នាំពេទ្យថ្លៃ នៅលើពិភពលោក មានការប្រកួតប្រជែងអ្នកខ្លះ យើងប្រទេសគ្នាឯងក៏មាន ការប្រកួតរប្រជែងកម្ពុជាផលិតស្រូវ វៀតណាម ក៏ផលិតស្រូវ ថៃក៏ផលិតស្រូវ ឡាវក៏ផលិតស្រូវ មីយ៉ាន់ម៉ា ក៏ផលិតស្រូវ ដល់ទីចុងបំផុតអ្នកណាក៏ផលិតស្រូវអ្នកណាក៏ផលិតស្រូវ ប្រទេសដែលត្រូវការទិញស្រូវបង្អាប់ស្រូវធ្លាក់ថ្លៃ។ នៅពេលដែលតម្លៃស្រូវធ្លាក់ចុះថ្លៃ កសិករផលិតស្រូវថាថោក ដល់តែពេលតម្លៃស្រូវកើនឡើង អ្នកផ្សារទិញអង្ករថាថ្លៃពេក ចឹងហើយសុំញាតិញ៉ោម មេត្តាយោគយល់ ចំពោះរាជរដ្ឋាភិបាលគឺពិបាក»។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការជាច្រើន និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដល់ប្រជាកសិករ ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការធ្លាក់ថ្លៃអង្ករ-ស្រូវ នៅទូទាំងប្រទេសផងដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការបស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ៨ចំណុច ដើម្បីលើកស្ទួយវិស័យស្រូវ-អង្ករកម្ពុជា បន្ទាប់ពីតម្លៃស្រូវ-អង្ករកម្ពុជា ជួបបញ្ហាប្រឈមជាច្រើន ពិសេសនៅរដូវ ប្រមូលផលជាដើម៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖