(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិនបានសម្រេចចិត្ត បញ្ឈប់ជើងហោះហើរមួយចំនួនរវាងចិន និងកូរ៉េខាងត្បូង ដែលនេះអាចជាសារមួយផ្ញើជូនទីក្រុងសេអ៊ូល គិតគូពីចារណាជាថ្មីម្ដងទៀតលើគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅលើឧបទ្វីបកូរ៉េដែលប្រទេសជិតខាងទាំងអស់ជំទាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
យោងតាមការស្វែងរកនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines និង Spring Airline បានបញ្ឈប់ការលក់សំបុត្រយន្ដហោះសម្រាប់រយៈពាក់កណា្ដលសប្ដាហ៍ក្រោយ នៃជើងហោះហើរជាច្រើនរវាងទីក្រុង Cheongju និងកោះ Jeju ជាមួយនឹងទីក្រុងក្នុងប្រទេសចិនរួមមានទីក្រុង Ningbo Jinjiang និងទីក្រុង Harbin។
ចំណែកឯក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Eastar Jet ក៏បានអះអាងពីពីការបញ្ឈប់ជើងហោះហើរនេះដែរ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់កូរ៉េខាងត្បូង ខណៈបើតាមប្រភពព័ត៌មានមួយចំនួន ទីក្រុងសេអ៊ូល ទំនងជានឹងដាក់ពាក្យតវ៉ាប្រឆាំងនឹងចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងពីរ មិនបានធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។ ក៏ប៉ុន្តែបើតាមឯកសាររដ្ឋាភិបាលកូរ៉េខាងត្បូង ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន អាជ្ញាធរចិននាពេលថ្មីៗនេះបានផ្ដល់ការណែនំា០៧ចំណុចសំខាន់ៗ ដល់ក្រុមហ៊ុន អាកាសចរណ៍ចិនទំាងអស់ ឱ្យដាក់កំហិត ឬក៏ហាមឃាត់ជើងហោះហើរទៅកាន់កូរ៉េខាងត្បូង។
គួរបញ្ជាក់ជូនដែរថា បើទោះជាគេពុំទាន់ដឹងពីបំណងពិតប្រាកដនៃការបញ្ឈប់ជើងហោះហើរនេះក៏ដោយ តែអ្វីដែលគេអាចសន្មត់បាននៅពេលនេះ នោះគឺថាការសម្រេចចិត្តបែបនេះធ្វើឡើងចំពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងដំណើរការនីតិវិធីដាក់ពង្រាយ THAAD ហើយចិនផ្ទាល់ក៏ធ្លាប់បានសន្យាផងដែរថា ខ្លួននឹងចាត់វិធានការឆ្លើយតបបើសិនជា THAAD ត្រូវបានតម្លើងលើដីកូរ៉េខាងត្បូងមែននោះ៕