(ភ្នំពេញ)៖ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋម​ន្រ្តី បានប្រតិកម្មទៅលើកាសែត The Cambodia Daily ជុំវិញការបំពានដល់វប្បធម៌ដ៏ថ្លៃថ្នូរចំពោះសពសម្តេចវិបុលបញ្ញា សុខ អាន។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា វាការបំភ្លៃសាច់រឿងពិត និងជាក់ស្តែងចំពោះការបំពាន ដល់វប្បធម៌ខ្មែរដ៏ថ្លៃថ្នូរ ចំពោះសពសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការបំភ្លៃសាច់រឿងពិត និងជាក់ស្តែងចំពោះបន្ទុកការងារ និងការទទួលខុសត្រូវរបស់សម្តេចវិបុលបញ្ញា សុខ អាន ចំពោះមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋ។

ខាងក្រោមនេះជាខ្លឹមសាររបស់លោក ផៃ ស៊ីផាន ប្រតិកម្មទៅកាន់ The Cambodia Dialy:

«គោរពជូនប្រជាពលរដ្ឋ ជាពិសេសកាសែត The Cambodia Daily ដែលដាក់ចំណងជើងគួរអោយខ្មាស់អៀនចំពោះការបំពាន ដល់វប្បធម៌ខ្មែរដ៏ថ្លៃថ្នូរ ចំពោះសពសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការបំភ្លៃសាច់រឿងពិត និងជាក់ស្តែងចំពោះបន្ទុកការងារ និងការទទួលខុសត្រូវរបស់សម្តេចវិបុលបញ្ញា សុខ អាន ចំពោះមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋ ដែលមានចំណងជើងថា “  លោក សុខ អាន រដ្ឋមន្ត្រី “ដៃច្រើន” ទទួលមរណភាពក្នុងវ័យ៦៦ឆ្នាំ”។ នេះវាធ្វើអោយប៉ះពាល់អារម្មណ៍ មិនត្រឹមតែគ្រួសារ សាច់ញាតិរបស់សម្តេចប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា និងសហការីបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្រ្តី ក៏ពុំអាចទទួលយកបានឡើយ។

យើងដឹងច្បាស់ណាស់សម្តេចទទួលបន្ទុក និងការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការរដ្ឋ និងផលប្រយោជន៍ខ្មែរ​ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីលទ្ធផលព នៃការបង្រួបបង្រួម និងផ្សះផ្សាជាតិ កម្ពុជាខ្លួនឯងមានការប្រឈមទិដ្ឋភាពមួយចំនួន៖
ទិដ្ឋភាពទីមួយ៖ ប្រឈមជាមួយក្រុមឧទ្ទាមខ្មែរក្រហម ដែលនៅតែបន្តការកាប់សម្លាប់ពលរដ្ឋកម្ពុជា ដែល UNTAC បោះបង់ចោលការទទួលខុសត្រូវឆ្លើយតប និងស្ថានការ សន្តិសុខជាតិ។

ទិដ្ឋភាពទីពីរ៖ កម្ពុជាតាំងពីលើដល់ក្រោម ក្រោមរូបភាពរាជរដ្ឋាភិបាលចំរុះ គឺប្រឈមនិងសមត្ថភាព បទពិសោធន៍ ការងាររដ្ឋបាល និងប្រសិទ្ធភាពរដ្ឋបាលសម្រាប់បម្រើ និងការពារប្រជាពលរដ្ឋ គឺកូតាពីគណបក្ស ដែលមាន អាសនៈ នៅក្នុងសភា ដែលជាហេតុផល នៃការទទួលខុសត្រូវរបស់ក្រសួងគណៈរដ្ឋមន្រ្តី ដើម្បីរក្សាឯកភាព និងនយោបាយរដ្ឋបាល។

អាស្រ័យហេតុនេះហើយ ដោយបទពិសោធន៍ និងនយោបាយផ្សះផ្សាជាតិជាមួយការការពារជាតិ ព្រមទាំងការអភិវឌ្ឍដែល​ជាតម្រូវការរបស់ប្រជាជាតិ ដែលទើបតែចេញពីសង្គមមិនទាន់ពេញលេងនោះ សម្តេចវិបុលបញ្ញា សុខ អាន ដែលបទពិសោធន៍ ចំណេះដឹង និងជាបញ្ញាវន្តផងនោះ គឺបានចូលរួមជាច្រើនដំណាក់កាល នៃភាពបត់បែន​ច្រើនណាស់ ក្នុងការរក្សាស្ថានភាព ស្ថេរភាព នយោបាយ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍។ ខ្ញុំបាទឮនឹងត្រចៀកពីឯកឧត្តម មកពីគណបក្សដែលមិនដែលទទួលបានការគាំទ្រភាគច្រើន ឬចាញ់ឆ្នោតជាអចិន្ត្រៃយ៍​នោះបានបង្កើតពាក្យនេះ និងបំភ្លៃពាក្យនេះដើម្បីឃោសនាប្រឆាំងនឹងសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជារាជរដ្ឋាភិបាលដែលទទួលបានជ័យជំនះក្នុងកិច្ចការរដ្ឋ ក៏ប៉ុន្តែគេគួរតែសួរចំពោះសមាជិករាជរដ្ឋាភិបាល ដែលមិនមែនមកពីគណបក្សប្រជាជនកម្ពុជា ឧទាហរណ៍៖ គណបក្ស សម រង្សី គណបក្សសិទ្ធមនុស្ស គណបក្សហ៊ុន សិនប៉ិច ជាដើម គឺគេយល់ច្បាស់លាស់ពីការប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងនៃការងាររបស់សម្តេចដែលកសាង ទទួលខុសត្រូវខ្ពស់ និងពហុវិស័យ ដើម្បីប្រទេសជាតិទាំងក្នុងស្រុក ក៏ដូចជាក្នុងឆាកអន្តរជាតិ សមាជិកដែលមកពី​គណបក្សបម្រើការងារនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី គឺបានយល់ច្បាស់ និងបានរៀនសូត្រច្បាស់លាស់ពីសម្តេច ក្នុងកិច្ចការងាររដ្ឋដែលគេជាអ្នកចូលរួមដ៏ប្រសើរ និងសកម្មដល់ផលប្រយោជន៍ខ្មែរ។ ការទទួលខុសត្រូវខ្ពស់ និងវិស័យច្រើនរដ្ឋបាលនេះក៏បានបង្ហាញនូវគុណវុឌ្ឍិជាក់លាក់ តាមរយៈវិស័យនីមួយៗដែលកំពុងដំណើរការបច្ចុប្បន្ន ដែលសម្តេច សុខ អាន ធ្វើពីនយោបាយរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ មកជាគោលការណ៍អនុវត្ត​តាមរយៈបង្កើត​យន្តការ និងច្បាប់សម្រាប់ការងារជាក់ស្តែង នៅក្នុងរយៈពេលនៃរាជរដ្ឋាភិបាលចំរុះ។ ចាបផ្តើមពីអាណត្តិទីបួន ទីប្រាំ កំណែទម្រង់រដ្ឋបាល និងនយោបាយរដ្ឋបាលបានដំណើរដោយជោគជ័យក្នុងបរិបថ ឯកភាពរដ្ឋបាល និងនយោបាយ​រដ្ឋបាល​ឆ្លើយតបនឹងភាពជាក់ស្តែងនៃតម្រូវការ។

អ្វីដែលជាគុណវុឌ្ឍិ និងមរកតសម្រាប់អនុវត្តបន្ត ដែលឋិតនៅក្រោមការអនុវត្តន៍នយោបាយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ៖
១- ទីស្តីការគណរដ្ឋមន្រ្តី ជាមជ្ឈមណ្ឌលពហុបក្ស និងនិន្នាការ បម្រើការងារ
២- វិស័យវប្បធម៌ ដែលគ្រប់គ្រង និងថែរក្សាឧទ្យានអង្គរបានដើរតួនាទីដ៏មានសារៈប្រយោជន៍ដល់មនុស្សជាតិដែលអង្កការ UNISCO យកជាគំរូនៃបថពិសោធន៍នេះ ដោយឡែកទេសចរណ៍ទទួលបានកំណើនជាងប្រាំលាននាក់ ដែលជាមូលដ្ឋាននៃជោគជ័យដែលរាប់ទាំងកម្មវិធីនៃអង្គការអន្តរជាតិចូលរួមសកម្មភាពអភិរក្ស និងការពារឧទ្យានអង្គរ។
៣- ការងារការពារអធិបតេយ្យភាពក្នុងការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគំរូខ្នាតអន្តរជាតិ។
៤- ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌអន្តរជាតិ
៥- ការទាមទារវត្ថុបុរាណដែលបរទេសបានលួចយកត្រឡប់មកកម្ពុជាវិញ
៦- បង្កើតគណកម្មាធិការចម្រុះព្រំដែនជាមួយប្រទេសជិតខាង
៧- រឿងចចារបញ្ហាជាច្រើនជាមួយបរទេស
៨- សម្តេចមានគុណធម៌ និងសមត្ថភាពប្រមូលផ្តុំបញ្ញាវ័ន្តនៃពហុគំនិតទាំងកម្ពុជា និងបរទេសដើម្បីការងារផលប្រយោជន៍ជាតិ។

ដូចនេះ អ្នកសារព័ត៌មាន ក៏ដូចជាជនមួយចំនួនគួរមានសីលធម៌ និងគោរពនូវហេតុ និងផលតាមរយៈ​នយោបាយបត់​បែនរបស់កម្ពុជា ជាពិសេសសីលធម៌ល្អ​របស់កម្ពុជាដែលតែងតែគោរពដល់វិញ្ញាណក្ខន្ធសព ដែលជាប្រពៃណីខ្មែរ ក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបាត់បង់នូវឥស្សរជន ដែលបានចំណាយពេលជាង ៣៨ ឆ្នាំ ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ។
អរគុណ