(បឹងទន្លេសាប)៖ ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាននិងកំពុងរងការបំផ្លិចបំផ្លាញហិនហោច ជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយក្មួលក្មាញ់ ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គគ្លើននឹងច្បាប់ពេញទំហឹងហើយ។
ប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមសង្គមស៊ីវិល បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់បទល្មើសទាំងនោះ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេ ច្បាស់ណាស់ព្រៃរនាមលិចទឹកទាំងនោះ នឹងបាត់បង់លឿនក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយបើគ្មានព្រៃលិចទឹកទេនោះ តើត្រីទៅពងកូនឯណា ពូជត្រីកម្រនឹងបាត់បង់លឿនប៉ុណ្ណា តើមានអ្វីសម្រាប់ទប់ទល់ទឹកជំនន់ទៀត។
ក្រុមអ្នកតាមដានសកម្មភាពនេះ បានរិះគន់ថា បច្ចុប្បន្ន ពួកឈ្មួញដីមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ហែកហ៊ួឈូសឆាយព្រៃលិចទឹក ទន្ទ្រានយកដី។
ជាមួយគ្នានឹងយុទ្ធសាស្រ្តបែបថ្មី ពួកឈ្មួញបានជួលប្រជាពលរដ្ឋ នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប កាប់រានបំផ្លាញព្រៃលិចទឹកជាបន្តបន្ទាប់ ពេលកាប់រានបានដីហើយ ពួកគេប្រមូលទិញយកទាំងអស់ ឬមួយចំនួនណាមួយ ហើយលើកទឹកចិត្តឲ្យប្រជាជនខិតខំកាប់រានបន្តទៅមុខទៀត។
ប្រជាពលរដ្ឋមួយចំនួនទៀត ក៏កាប់ព្រៃទុកសម្រាប់ធ្វើស្រែខ្លួនឯងផងដែរ បើនៅតំបន់ខ្លះ មានបឹងបួធម្មជាតិៗធំ ការធ្វើស្រែនឹងបានផលល្អតាមហ្នឹងដែរ ប៉ុន្តែបើដីរានថ្មីនោះ មិនមានប្រភពទឹកវិញ ការធ្វើស្រែនឹងប្រឈមនឹងការខាតបង់រាល់ឆ្នាំ។
ស្ថានភាពបែបនេះ បាននិងកំពុងកើតមាន ពិសេសក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ដែលខណៈនេះ ស្រូវរាប់រយហិកតាបានស្វិតស្រពោនជាបណ្តើរៗ ព្រោះគ្មានទឹកស្រោចស្រព។ នេះបានគេហៅថា «ត្រីរស់ក៏រួច ទន្សាយក៏រួច» ព្រោះព្រៃក៏ហិនហោច ទឹកក៏រីងអត់ ឯស្រូវស្រែក៏ស្កកខូចអស់។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងក្រុមប្រតិបត្តិការពិសេស ចំនួន៧២នាក់ ត្រូវបានបញ្ជូនឲ្យចុះទៅបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។ ការបញ្ជូនកម្លាំងពិសេសនេះ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប។ បេសកកម្មខាងលើ គួរណាតែវាតទីដល់ស្រុកស្ទោង ខេត្តកំពង់ធំនេះហើយ៕