(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយកាំកុងត្រូលខេត្តមណ្ឌលគិរី បន្តចុះពិនិត្យទំនិញបន្លែផ្លែឈើ នៅកន្លែងតាំងពិព័រណ៍ប្រចាំឆ្នាំ ស្ថិតនៅសង្កាត់មានជ័យ ក្រុងសែនមនោរម្យ ដែលរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងមួយឆ្នាំម្តង។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យផលិត​ផលតាំងពិព័រណ៍​ខាងលើ ក្រុមការងារបានយកផលិត ចំនួន២៦គំរូ ទៅធ្វើតេស្តពិសោធន៍ ហើយលទ្ធផលឃើញថា មិនមានផលិតផលណាមួយ មានសារធាតគីមីហាមឃាត់នោះទេ។

លោក ចាន់ វាសនា បានឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ ផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋាន​កាំកុងត្រូល ជាពិសេសអនុសាសន៍របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹង​ឲ្យបានដាច់ខាត នូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿងឧបភោគ-បរិភោគគ្រប់មុខ តាមច្រកទ្វារព្រំដែនទាំងអស់ ដើម្បី​ធានាសុខភាព​ដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។

ប្រធានកាំកុងត្រូលមណ្ឌលគិរី ក៏បានធ្វើការណែនាំ និងអំពាវនាវដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើ និងម្ហូបអាហារ តាមច្រក​ឡាបាខេ ពីប្រទេសវៀតណាម ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលទំនិញ ជាផលិតផល ម្ហូបអាហារណា ដែលមានគុណភាពល្អ ហាមដាច់ខាត មិនឲ្យមានការនាំចូលបន្លែផ្លែឈើ ដែលផ្ទុកសារធាតុគីមី ព្រោះវា​បណ្តាលឲ្យប៉ះពាល់ដល់សុខមាលភាព អ្នកប្រើប្រាស់នោះឡើយ៕