(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះថា គិតត្រឹមថ្ងៃទី១៧ ខេមីនានេះ ទើបតែមានអង្គការក្រៅរដ្ឋាភិបាល​ជាតិ ចំនួន២​ប៉ុណ្ណោះ ដែលបានដាក់​សំណើ​ទៅកាន់ ​គ​.​ជ​.​ប​ ដើម្បី​សុំចូល​រួម​សង្កេតការណ៍ ​និងពិនិត្យមើលដំណើរការបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សាឃុំ​-​សង្កាត់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិទី៤ ​នឹង​ប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។​

លោកអ្នកនាំពាក្យបានឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាល​ ដែល​បានដាក់​សំណើរ​នៅ ​គ​.​ជ​.​ប ទាំងពីរនោះ​ រួមមាន៖ ១.​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត ដោយ​សេរី និង​យុ​ត្តិ​ធ​ម៌នៅ​កម្ពុជា ហៅកាត់ថា ​ខុម​ហ្វ្រេ​ល មានអ្នកសង្កេតការណ៍ចំនួន ២៥៣​នាក់ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) មានអ្នកសង្កេតការណ៍ចំនួន​ ២២៨​នាក់​។

លោក ហង្ស ពុទ្ធា បានពន្យល់ថា នីតិវិធីនៃការដាក់សំណើសុំចូលរួមសង្កេតការណ៍ ចែកចេញជា ៣ប្រភេទ រួមមាន៖ ទី២.សម្រាប់អង្គការក្រៅរដ្ឋាភិបាលជាតិ ត្រូវដាក់សំណើទៅ គ.ជ.ប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ទី២.សម្រាប់អង្គការអន្តរជាតិ ការដាក់សំណើត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។ ប្រភេទទី៣.សម្រាប់ភ្នាក់គណបក្សនយោបាយ ត្រូវដាក់សំណើសុំចូលរួមសង្កេតការណ៍បោះឆ្នោត ចាប់ពីថ្ងៃទី១៨-២៥ ខែមីនា ឆ្នាំ២០១៧។

​លោក ហង្ស ពុទ្ធា បានបន្ត​ថា ក្រៅពីចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោត ក្រុមអ្នកសង្កេតការណ៍ គឺជាសាក្សីដ៏សំខាន់ នៅពេលមានជម្លោះវិវាទ ឬភាពមិនប្រក្រតីណាមួយ នៅតាមបណ្ដាការិយាល័យបោះឆ្នោតនានា ហើយក្រុមអ្នកសង្កេតការណ៍ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ការបោះឆ្នោត​ផងដែរ​។ លោកថា «បើមានភាពមិនប្រក្រតីណាមួយ អ្នកសង្កេតការណ៍ត្រូវធ្វើរបាយការណ៍របស់ខ្លួន ដាក់ជូន គ.ជ.ប ដើម្បីបន្តនីតិវិធីដោះស្រាយ។

សមាជិក គ.ជ.ប រូបនេះ បានសង្កត់ធ្ងន់ថា «នៅពេលដែល​ក្រុម​អ្នកសង្កេតការណ៍ បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត ពួកគេ​នឹង​អាច​មើលឃើញ​ពី​ចំណុច​វិជ្ជមាន ឬ​អវិជ្ជមាន ហើយ​ថែមទាំង​អាច​ស្នើ​ឲ្យ ​គ​.​ជ​.​ប កែប្រែ​ត្រង់ចំណុច​ណាមួយ ដើម្បី​ឲ្យការបោះឆ្នោត​លើក​ក្រោយៗ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​»

ទោះយ៉ាងណា គ.ជ.ប មិនកំណត់ចំនួនអ្នកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ នេះឡើយ ពោល គ.ជ.ប ស្វាគមន៍ជានិច្ច ដើម្បីឲ្យដំណើរការបោះឆ្នោត កាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ។ តែប្រសិនការិយាល័យបោះឆ្នោត មានអ្នកសង្កេតការណ៍ច្រើន ឬការិយាល័យបោះឆ្នោតណា ដែលនៅឆ្ងាយដាច់ស្រយ៉ាល គ្មានអ្នកសង្កេតការណ៍ គ.ជ.ប នឹងពិចារណាបន្តទៀត៕