(កណ្ដាល)៖ ករណីប្រជាពលរដ្ឋជាច្រើនគ្រួសារ និងក្រុមហ៊ុនផានអ៊ីមិចរបស់លោកស្រី ស៊ុយ សុផាន នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅពេលនេះត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញថ្នាក់ស្រុក-ថ្នាក់ខេត្ត ដោះស្រាយបញ្ចប់ចំនួន៦០គ្រួសារ ស្ថិតនៅឃុំគគីរធំ និងឃុំសំរោងក្រោម។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋទាំង៦០គ្រួសារ និងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន បានជួបដោះស្រាយ ដោយផ្ទាល់ ក្រោមការសម្របសម្រួលពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់។

មន្រ្តីសាលាស្រុកកៀនស្វាយ បានឲ្យដឹងថា ជាលទ្ធផលប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផល លើដីរបស់ក្រុមហ៊ុនតាំងពីឆ្នាំ ១៩៩៥-១៩៩៦ មកនោះបានយល់ព្រមប្រគល់ដីទៅឲ្យក្រុមហ៊ុនវិញ ហើយទៅរស់នៅទីតាំងផ្សេង ដោយទទួលបានការឧបត្ថម្ភប្រាក់ ចំនួន៥០ម៉ឺនរៀល ពីក្រុមហ៊ុនផានអ៊ីមិចផងដែរ។

លោកស្រី ស៊ុយ សុផាន បានប្រាប់អ្នកសារព័ត៌មានថា ទំហំដីដែលប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផល រយៈពេលជាង២០ឆ្នាំ មកនេះ មានជាង២០០ហិកតា ហើយក្រុមហ៊ុននឹងយកទៅវិនិយោគដំណាំកសិកម្ម ដូចជា បង្កើតរោងចក្រដាំអំពៅ និងដំឡូងជាដើម។

សូមបញ្ជាក់ថា លោកស្រី ស៊ុយ សុផាន ត្រូវបានគេដឹងថា មានជម្លោះដីធ្លីជាច្រើនកន្លែងនៅកម្ពុជា ដូចជា៖ ករណីអគារស្នាក់នៅ នៅបុរីកីឡា ជម្លោះដីធ្លីនៅខណ្ឌច្បារអំពៅ នៅស្រុកកៀនស្វាយ និងបណ្ដាខេត្តមួយចំនួនទៀត ហើយជម្លោះខ្លះបានអូសបន្លាយ ស្ទើរតែក្លាយជាដំបៅមហារីក។ ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលរដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី ទេសរដ្ឋមន្រ្តី ជា សុផារ៉ា អាជ្ញាធររាជធានី-ខេត្ត ដែលពាក់ព័ន្ធ និងមន្រ្តីជំនាញ បានខិតខំធ្វើការដោះស្រាយជាបន្តបន្ទាប់ រហូតទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឲ្យកោះហៅ លោកស្រីឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុន​ផានអ៊ីម៉ិច ចូលខ្លួនដោះស្រាយបញ្ហាជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរពាក់ព័ន្ធ តាមសំណើរបស់ លោកទេស​រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕