(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានយល់ព្រមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ ប្រយុទ្ធ និងរឹតបន្តឹងពាណិជ្ជកម្ម​ខុសច្បាប់ឆ្លងកាត់ព្រំដែន ដូចជា ឈើ សត្វព្រៃ ផលិតផលកៅស៊ូធម្មជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ជាទៀងទាត់ រវាងមន្រ្តី​អនុវត្តច្បាប់ និងអាជ្ញាធរខេត្តតាមព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ លើកទី១៥របស់ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដនិងបច្ចេកទេសដែល​បានប្រព្រឹត្ត ទៅនៅថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧។

សេច​ក្តីប្រកាសលទ្ធផលនេះបានធ្វើឡើងក្រោយពី កម្ពុជា-វៀតណាម បានបញ្ចប់ កិច្ចប្រជុំលើកទី១៥របស់ គណៈកម្មការចម្រុះ កម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដនិងបច្ចេកទេស ដែលមានការចូលរួមពី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជាមួយលោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គម និយមវៀតណាម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្រៅពីនេះ ភាគីទាំងពីរ បានប្រគល់ភារកិច្ចដល់ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម នូវភារកិច្ចមួយចំនួនរួមមាន៖

១៖ ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការរត់ពន្ធឆ្លងកាត់ព្រំដែន និងការកេងបន្លំពាណិជ្ជកម្ម រួមមាន ការផលិត និងការរត់ពន្ធទំនិញក្លែងក្លាយ និងទំនិញខូចគុណភាព។

២៖ ភាគីទាំងពីរយល់ព្រមដោះស្រាយការខ្វែងគំនិត ដើម្បីឈានទៅបញ្ចប់ការចរចា និងចុះហត្ថលេខានៅ ឆ្នាំ២០១៧នេះលើ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម ព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កិច្ចព្រមព្រៀងនេះ នឹងចូលមក ជំនួសកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្ម និងការផ្លាស់ប្តូរ ទំនិញ និងសេវាកម្ម នៅតំបន់ព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលវៀតណាម។

៣៖ បញ្ចប់ការសិក្សាពីការរៀបចំផែនការមេស្តីពីការអភិវឌ្ឍពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម រហូតដល់ ឆ្នាំ២០២៥ ដោយមានចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣៥ និងអភិវឌ្ឍបទបញ្ជាស្តីពីការគ្រប់គ្រងផ្សារតាមព្រំដែនរវាងប្រទេសទាំងពីរ។

៤៖ រៀបចំសន្និសីទលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌ពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៨ នៅកម្ពុជា។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាមួយចំនួន លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយភាគីទាំងពីរ បានវាយតំលៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងសម្របសម្រួល ដើម្បីជម្រុញការវិនិយោគនៅក្នុងប្រទេសនីមួយៗ និងយល់ព្រមដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ លើកកំពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក៕