(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានបង្ហាញគោលេជំហរថា នឹងរៀបចំកិច្ចពិភាក្សា ស្ដីពីការកំណត់ព្រំដែនសមុទ្រ រវាងប្រទេសទាំងពីរ ក្នុងពេលដ៏ខ្លីខាងមុខ តាមតែអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការកំណត់ព្រំដែនគោក។ ភាគីទាំងពីរ បានយល់ព្រមក្នុងការណែនាំដល់អាជ្ញាធរខេត្ត ជាប់តាមព្រំដែនរបស់ខ្លួន ក្នុងការរក្សាកិច្ចសហការជិតស្និទ ជាមួយគណៈកម្មការចំរុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ក្នុងការសាងសង់សសរព្រំដែន និងបង្គោលព្រំដែនបំពេញបន្ថែម និងបង្កើនការយល់ដឹងរបស់ប្រជាជន ដែលរស់នៅតាមតំបន់ព្រំដែន អំពីសារៈសំខាន់ នៃការកំណត់ព្រំដែនខណ្ឌសីមា និងការការពារសសរព្រំដែន។

ជំហររបស់ប្រទេសទាំងពីរដែលបានបញ្ជាក់នៅពេលនេះ ធ្វើឡើងនៅក្នុង កិច្ចប្រជុំលើកទី១៥របស់ គណៈកម្មការចម្រុះ កម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដនិងបច្ចេកទេសរយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជាជាមួយលោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គម និយមវៀតណាម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ទាក់ទងនឹងបញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីពីការគោរព និងការអនុវត្តយ៉ាងពេញលេញ នៃសន្ធិសញ្ញាស្ដីពី ការកំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសទាំងពីរ។

ភាគីទាំងពីរ បានកត់សម្គាល់ទៅលើ សមិទ្ធិផលថ្មីៗដែលសម្រេចបានក្នុងការកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន និងបានសម្ដែងនូវ ការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការចំរុះខណ្ឌសីមា និងការបោះបង្គោលព្រំដែន គោកកម្ពុជា-វៀតណាម (the Joint Commission on Demarcation and Abornment for Land Boundary-JBC)។

ការកំណត់ខណ្ឌសីមាព្រំដែនគោក និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ៨៤% យោងទៅតាម សន្ធិសញ្ញាស្ដីពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ៕