(ព្រះវិហារ)​៖​ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវអណ្ដូងទឹកស្អាត ចំនួន១៩ (មានលេខរៀងពីទី១៧៥ ដល់ទី១៩៣) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២០គ្រួសារ ស្មើនឹងមនុស្ស ១,១៤៣នាក់ រស់នៅឃុំរំដោះស្រែ និងឃុំកន្ទួត នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកវេជ្ជ  អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទ​ក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​ ជូនដល់ប្រជាពលរដ្ឋ​ទាំងអស់ ។ ជាមួយគ្នានេះដែរ​ លោកវេជ្ជ.​ បានបញ្ជាក់យ៉ាងច្បាស់នូវអនុសាសន៍សម្តេចប្រធានថា​ សូមថែរក្សាសុខភាព​ឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងសូមកុំសេពគ្រឿង​ស្រវឹងផ្សេងៗ ដែលជាប្រភពនៃ​អំពើហិង្សា ចោរកម្ម និងអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច រាល់ពេល​ធ្វើដំណើទៅកាន់ទីជិត ឬឆ្ងាយ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ និងសូម​ការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ ព្រមទាំងសូមកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ និងត្រូវចូលរួមថែរក្សា​នូវសមិទ្ធផលអណ្ដូងទឹក ទាំងនេះឱ្យបាន​គង់វង្ស​យូរអង្វែង។

ប្រជាពលរដ្ឋចំនួន ៥៨នាក់ ដែលមកចូលរួមក្នុងពិធីនោះ មានក្តីរីករាយយ៉ាងក្រៃលែង ក្រោយទទួលបានសមិទ្ធផលថ្មីនេះ ហើយសម្រាប់ស្ត្រីម្នាក់ៗទទួលបាន សារុង ១ រីឯបុរសម្នាក់ៗទទួលបាន ក្រមា១ ដោយឡែកចាស់ៗទទួល​បានថវិកាមួយ​ចំនួន​បន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ រហូតរៀងមក កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹក​សហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង ហើយបច្ចុប្បន្ននេះ បាន និងកំពុងផ្តល់ជូនប្រជា​ពលរដ្ឋ​ជាបន្ត​បន្ទាប់ទៀត។ ដោយឡែក ខេត្តព្រះវិហារគិមកដល់ពេលនេះ ទទួលបាន ១៩៣អណ្ដូង ហើយពីកាកបាទក្រហមកម្ពុជា៕