(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក Nuttavudh Photisaro បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។

លិខិតរបស់ លោក Nuttavudh Photisaro បានលើកឡើងថា «ជំនួសមុខឲ្យស្ថានទូតថៃ និងសហគមន៍ថៃប្រចាំនៅកម្ពុជា ខ្ញុំសូមចូលរួម​សម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដល់ជនរួមជាតិនៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ចំពោះការបាត់បង់​សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្រ្តី នៃ​ព្រះរា​ជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព​នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧»

លិខិតដដែលបានលើកឡើងថា ការបាត់បង់​សម្តេចវិបុលបញ្ញា សុខ អាន មិនត្រឹមតែ​ជាការបាត់បង់ ដ៏ធំក្រៃលែង​សម្រាប់ប្រទេស​កម្ពុជានោះឡើយ ប៉ុន្តែក៏ជាការបាត់បង់ធំធេង​មួយ ​​សម្រាប់​ទំនាក់ទំនងថៃ-កម្ពុជា។ ក្នុងនាមជាប្រធានសមាគមមិត្តភាព​កម្ពុជា-ថៃ សម្តេចវិបុលបញ្ជា សុខ អាន បានខិតខំ​ថែរក្សានូវចំណងមិត្តភាព ​ក៏ដូច​ជាសាមគ្គីភាព ​រវាងប្រជាពលរដ្ឋ​នៃប្រទេសយើង​ទាំងពីរ។ ម៉្យាងវិញទៀត​តួនាទីជាលក្ខណៈស្ថាបនា​របស់សម្តេច ​ក្នុងនាម​ប្រធាន​គណកម្មាធិការ​​បច្ចេកទេស​ចម្រុះ ទទួល​បន្ទុកការចរចា​លើតំបន់ត្រួត​ស៊ីគ្នាថៃ-កម្ពុជា នៅក្នុង​ឈូងសមុទ្រថៃ គឺជាគំរូដ៏ល្អឥតខ្ចោះ​មួយផងដែរ។

លិខិតរំលែកទុករបស់ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ទៀតថា «សម្តេចវិបុលបញ្ញា សុខ អាន នឹងស្ថិតក្នុងបេះដូង​មនុស្សគ្រប់គ្នា ​ក្នុងនាមជា​រដ្ឋបុរសយ៉ាងពិតប្រាកដ​មួយរូប ជាបុគ្គលម្នាក់​ដែលបានជួយដឹកនាំ​កម្ពុជា​ ​​ពី​ពេលវេលា​លំបាកនានា ​វិលមករកភាពរុងរឿង​ដូចសព្វ​ថ្ងៃនេះ។ ព្រមពេលជា​មួយគ្នា សម្តេចក៏នឹងត្រូវ​ចងចាំថា ជាស្វាមីជាទីស្រឡាញ់ម្នាក់ ក៏ដូចជាឪពុក​ ពោរពេញដោយ​មោទនភាព​របស់កូនប្រុសបួននាក់​ និងកូនស្រីម្នាក់​ផងដែរ ដែលបាន​ចាប់ផ្តើមបន្ត​កេរ្តិ៍តំណែល​របស់សម្តេច​​ ដើម្បីអនាគត​ដ៏ល្អប្រសើរ​នៃប្រទេស​​​កម្ពុជា»