(កំពង់ចាម)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូល នៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងតាមមាត់ច្រកនៅតាមព្រំដែន ដើម្បីចូលរួមចំណែកការពារសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាមដឹកនាំដោយលោកជួន សុជាតិ ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះអង្កេតទំនិញនៅទីផ្សារស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីពិនិត្យគុណភាព លើផលិតផល ម្ហូបអាហារ ផលិតផលកំប៉ុង និងដបដែលកំពុងដាក់តាំងលក់នៅផ្សារស្គន់។

លោកជួន សុជាតិ បានឲ្យដឹងថា ក្រុមការងារជំនាញបានធ្វើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុ បូរ៉ាក់ ម្សៅស អ៊ីយូត ហ្វ័រម៉ាលីន ទៅលើសរសៃគុយទាវ មីលឿង បង្គារ មឹក ត្រីងៀត សាច់ក្រក អំបិល ស្ករត្នោត និង បន្លែ ផ្លែឈើជាច្រើនមុខទៀត  ហើយជាលទ្ធផលគឺទទួលបានល្អ ដោយពុំមានសារធាតុគីមីហាមនៅលើផលិត ផលទាំងនោះទេ។

លោកប្រធានសាខាបានបន្តថា មន្រ្តីជំនាញរបស់លោកបានស្វែងរក ផលិតផលអាហារ សម្រាប់ទារក និងកុមារតូច «PC Organic Brand» លើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីមន្រ្តីបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងថា ក្រុមហ៊ុន Loblaw Company Limited បានប្រមូលផលិតផលទាំងនេះ ពីទីផ្សារប្រទេសកាណាដាវិញ ដោយសារតែរកឃើញមានបាក់តេរី កំពុងលូតលាស់ នៅក្នុងផលិតផលទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ហើយជាលទ្ធផលគឺរកមិនឃើញផលិត«PC Organic Brand»មានធ្វើចរាចរនៅផ្សារខាងលើនោះទេ។

ក្រុមការងារក៏បានចែកផ្សាយរូបភាព Poster ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយ​បន្ថែមសារធាតុគីមី​ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ជាមួយគ្នានោះ លោកជួន សុជាតិ ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕