(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យរាជរដ្ឋាភិបាល ពិចារណាក្នុងការដោះលែង មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង អាដហុក នៅឱកាសបុណ្យចូលឆ្នាំខ្មែរ។ មន្ត្រីអាដហុក និងគ.ជ.ប ទាំង៥រូបនោះ រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក វង់ ណៃដា និង លោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ បទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ ប៉ុន្តែការអំពាវនាវត្រូវបានមន្រ្តីគណបក្សកាន់អំណាច ធ្លាប់បានលើកឡើងថា វាជាចំណាត់ការរបស់តុលាការ មិនជាប់ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលនោះទេ។

លោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ខណៈលោក ចូលសួរសុខទុក្ខ ដល់មន្រ្តីនិងសកម្មជនមួយចំនួន របស់គណបក្សសង្រ្គោះជាតិ ដែលជាប់នៅក្នុង ពន្ធនាគារព្រៃស។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរូបនេះ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំអំពាវនាវផងដែរ ឲ្យមានការជជែកគ្នា ជួយស​ម្រួលទៅដើម្បីឲ្យគាត់ បានឆាប់ចេញមក ខ្ញុំក៏ជម្រាបគាត់តាមត្រង់ដែរថា ពួកគាត់ជាប់ពន្ធនាគារ ជារឿងចៃដន្យ អកុសលតែម្តង វាមិនត្រឹមត្រូវតាមច្បាប់អីទេ គឺបញ្ហានយោបាយ គាត់ក៏ជាប់យូរពេកហើយដែរ គួរតែដល់ពេលចេញទៅវិញ វាអត់ចំណេញអ្នកណាទាំងអស់ ខាងរាជរដ្ឋាភិបាល ប្រជាប្រិយក៏អត់ចំណេញ ចំណេញនយោបាយក៏អត់ចំណេញ។ ខ្ញុំជឿថា វាមាននីតិវិធីដោះស្រាយ មិនចាំបាច់ការចរចារបស់គណបក្សនយោបាយនោះទេ ខាងរាជរដ្ឋាភិបាល អាចរក ឱកាសណាមួយ បុណ្យចូលឆ្នាំជាតិខាងមុខនេះ រកវិធិដើម្បីបន្ថយទោស ឫលើលលែងទោសឲ្យគាត់ទៅ»

ទោះជាយ៉ាងណានាពេលកន្លងទៅ មន្រ្តីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាអំណាចទាំង៣បែងចែកដាច់ៗពីគ្នា ហើយថា ករណីមន្រ្តី គ.ជ.ប និងអាដហុក គឺជាករណីរបស់តុលាការ មិនទាន់កាត់ទោស មិនត្រូវមានការចរចាដែលបំពានដល់អំណាចតុលាការនោះទេ។

គួរបញ្ជាក់ថា មន្ត្រីអាដហុក និង គ.ជ.ប ទាំង៥នាក់ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។ មន្ត្រីអាដហុក និង គ.ជ.ប ទាំង៥រូបនោះ ត្រូវបានតុលាការចោទប្រកាន់បទ សូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដោយបង្គាប់ឱ្យអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ កុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទជាមួយ លោក កឹម សុខា។ គិតមកដល់ពេលនេះ មន្ត្រីអាដហុក និង គ.ជ.ប ទាំង៥នាក់ បានជាប់ពន្ធនាគារ ជិត១ឆ្នាំ ក្រោយពីតុលាការប្រកាសឃុំខ្លួនដាក់ពន្ធនាគារព្រៃស៕