(ព្រះសីហនុ)៖ អង្កការ FHI360កម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, នាយយកដ្ឋានកម្មវិធី​ជាតិសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល, សាកលវិទ្យាល័យកាលីហ្វរញ៉ា​សាន់ហ្វ្រាន់​ស៊ីស្កូ​ស​ហរដ្ឋអា​មេរិក(UCSF), មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព នៃសាកលវិទ្យាល័យញ៉ូមិចសិចកូ, សាកលវិទ្យាល័យម៉ៃអាម៉ី(UM), វិទ្យាស្ថានឃឺប៊ី សម្រាប់ការចម្លងរោគ និងភាព​ស៊ាំនៃសាកលវិទ្យាល័យ ញ៉ូសាវវ៉ែល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល​​ និងបិទបញ្ចប់​គម្រោងសិក្សា​ស្រាវជ្រាវ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន នៅប្រទេសកម្ពុជា (CIPI)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គ​លេខា​​ធិការដ្ឋានអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងមានការអញ្ជើញចូលរួមតំណាង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងស្ថាប័ន​ក្រោមឱវាទសុខាភិបាល​ ប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀន​ ស្នងការ​ ស្នងការរងនគរបាល​ មេបញ្ជាការរងកងរាជអាវុធហត្ថ​ រាជធានីភ្នំពេញ​ កំពង់ស្ពឺ​ កណ្តាល​ ប៉ៃលិន​ បន្ទាយមានជ័យ​ បាត់ដំបង​ សៀមរាប​ កំពង់ចាម​ កំពង់ឆ្នាំង​ ព្រះសីហនុ​ និងបណ្តាអង្គការដែគូ​ពាក់ព័ន្ធ​ចូលរួម។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា CIPI បានអនុវត្តន៍កម្មវិធីបង្ការដែលរួមបញ្ចូលគ្នា រវាងការពារ​មេរោគអេដស៍ និង​ការប្រើប្រាស់គ្រឿងញៀនក្នុង​ខេត្ត​-ក្រុងចំនួន១០ ដែលត្រូវបានគេកំណត់យកស្រ្តីធ្វើ​ការក្នុងសេវាកម្សាន្ត និងស្ត្រីរកស៊ីផ្លូវភេទ (FESW) ដែលមានភាពប្រឈមមុខខ្ពស់ ក្នុងឆ្លង​មេរោគអេដស៍ជាក្រុមគោលដៅ ដើម្បីកាត់បន្ថយទាំងការប្រើប្រាស់​គ្រឿងញៀន និង​ឥរិយាបថប្រឈមនឹងឆ្លងមេរោគអេដស៍។ ដោយបន្តែមលើកម្មវិធី SMARTgirl ដែលមានស្រាប់​ CIPI មានគោលដៅសំខាន់ចំនួនពីរ៖១.ដើម្បីកាត់បន្ថយ​ការប្រឈមក្នុងការឆ្លង​មេរោគអេដស៍ និង២.កាត់បន្ថយ​ការប្រើប្រាស់គ្រឿងញៀនសំយោគប្រភេទអំហ្វេតាមីនប្រភេទ (ATS) ដែលបង្កើនប្រឈមក្នុងការ​ឆ្លងជំងឺអេដស៍។

ចាប់ពីខែមិថុនា ឆ្នាំ២០១៣ ដល់ខែធ្នូ ឆ្នាំ២០១៦ CIPI បានអនុវត្តន៍​ក្នុងខេត្តក្រុង និងក្រុងចំនួន១០រួមមាន៖ បាត់ដំបង, សៀមរាប, ភ្នំពេញ, កំពង់ចាម, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ស្ពឺ, កណ្តាល, ព្រះសីហនុ និងកំពង់ឆ្នាំង។ ផ្នែក​​មួយ​នៃក្របខណ្ឌស្រាវជ្រាវរបស់កម្មវិធី CIPI ផ្ដល់ជូននៅភាពប្រសើរឡើង​ និងកំណត់គោលដៅដើម្បីកាត់​បន្ថយភាពប្រឈម​ពីមេរោគអេដស៍ តាមរយៈការអប់រំ ផ្តល់ប្រឹក្សា និងការធ្វើតេស្ត វាស់វែងនៃការរួមភេទ ដោយមិនបានការពារ ការវាយតម្លៃបែបស៊ីជម្រៅពីភាពប្រឈមមុខចំពោះការប្រើ ATS និងគ្រឿងស្រវឹងដោយផ្តល់ការប្រឹក្សា​យោបល់បែបសង្ខេប។  

បទអន្តរាគមន៍ក្នុងការកាត់បន្ថយការប្រើប្រាស់ ATS  ដែលមានរយៈពេល១៦សប្តាហ៍ ត្រូវបានផ្តល់ជូនស្ត្រីដែលប្រើប្រាស់ ATS កម្រិត «គ្មានសុវត្ថិភាព» ក្នុងនោះដាក់បញ្ចូលគ្នា (១). ១២សប្តាហ៍សម្រាប់កម្មវិធីផ្តល់ប្រាក់​លើកទឹកចិត្តដោយ​មានលក្ខខណ្ឌ (CCT) ជាមួយ (២).៤សប្តាហ៍ សម្រាប់ក្រុមគាំទ្របន្ត(AC)។ CIPI បាន​បន្ថែមនូវការកសាងសមត្ថភាព​ផ្នែកសេដ្ឋកិច្ច ដែលបានបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងជាមួយ​គ្រិៈស្ថាន​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ​សម្រាប់កម្មវិធីប្រាក់កម្ចីដើម្បីគាំទ្រដល់ជម្រើសផ្នែកសេដ្ឋកិច្ច។

CIPI ពង្រីកការបញ្ជូន​សម្រាប់​​ការថែរក្សា និងការព្យាបាលមេរោគអេដស៍ ជំងឺកាមរោគ​ និងសុខភាពបន្តពូជ​ និងការតាមដាន​លទ្ធផល​របស់ពួកគេ។ CIPI ពង្រីកកិច្ចសន្ទនាស្តីពីការចូលរួមរបស់ស្រី្តធ្វើការក្នុងសេវាកម្សាន្ត និងស្រ្តីរកស៊ីផ្លូវភេទ (FESW) នៅក្នុងបទអន្តរាគមន៍ក្នុងការបង្ការមេរោគអេដស៍​ ក្នុងអំឡុងពេលសិក្ខាសាលា​ផ្សព្វផ្សាយថ្នាក់ក្រោមជាតិ, ជាចំណែកបំផុសសកម្មភាពពីភាគីពាក់ព័ន្ធ​នៅក្នុងចំណោមអាជ្ញាធរ ខាងសុខាភិបាលខេត្ត អ្នកផ្តល់សេវាក្នុងតំបន់​ និងសមាជិកអាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់។

លទ្ធផលរបស់ការសិក្សាបានបង្ហាញថាៈសរុបមានស្រ្តីចំនួន ១,១៩៨ នាក់ បានចូលវគ្គវាយតម្លៃលទ្ធផលបឋម ដើម្បីវាយតម្លៃភាពប្រឈម មុនបទអន្តរាគមន៍ ​ដោយផ្តោតលើ ចំនួនដៃគូរួមភេទដោយមិនបានការពារ, ការប្រើប្រាស់ATS និងការប្រើគ្រឿងស្រវឹង។ ប្រហែលមួយភាគប​នៃស្ត្រីដែលមានភាពប្រឈមមុខខ្ពស់ចំពោះបញ្ហាផ្លូវភេទខ្ពស់ និង មួយភាគបី មានការប្រើ ATS ដោយគ្មានសុវត្ថិភាព។ ការប្រើប្រាស់គ្រឿងស្រវឹងគឺមានគ្រោះថ្នាក់ណាស់; ជាង ៧៥% នៃស្ត្រីមានបញ្ហាប្រើប្រាស់គ្រឿងស្រវឹង។ នៅក្នុងការវាយតម្លៃតាមដាន, ភាពប្រឈមនៃការឆ្លងមេរោគអេដស៍​គឺមានស្ថានភាពទាបយ៉ាងខ្លាំង: ចំនួនមធ្យមនៃដៃ​គូរួមភេទបានថយចុះ ៥០% នៅពេលចូលរួម ១២ខែ និង៦៥% តិចនៅពេលចូលរូម១៨ខែ បើធៀបនឹងវគ្គវាយ​តម្លៃលទ្ធផលបឋម។ ការរួមភេទដោយមិនបានការពារជាមួយនឹង​ដៃគូបង់ប្រាក់ត្រូវបាន កាត់បន្ថយផងដែរ ៦, ១២, និង១៨ ខែ​នៃតាមដាន​ការចូលរួមបន្ត (១៤.៣% ៦.៣% និង ៦.៥%) បើប្រៀបទៅនឹងពេលដែលចុះឈ្មោះដំបូង គឺ ១៩,៧%។

ចំពោះការប្រើ ATS មានការថយចុះ៥០% រវាងវគ្គវាយតម្លៃលទ្ធផលបឋម និងការចូលរួមបន្ត៦ខែក្រោយ ប៉ុន្តែតួលេខមិនបានធ្លាក់ចុះនៅកវគ្គក្រោយៗទៀតទេ។ បើប្រៀបធៀបទៅនឹងវគ្គវាយតម្លៃ​លទ្ធផលបឋម នៅចំណុច៦ខែ និង១២ខែ អ្នកចូលរួម​ហាក់ដូចជា៖ មានមានការប្រើប្រាស់គ្រឿងស្រវឹង កម្រិតមធ្យម ឬក៏ខ្ពស់​ (៦៨% និង ៥៨% ទៅតាមលំដាប់នេះ)។ កម្មវិធីកាត់បន្ថយភាពប្រឈមការប្រើ ATS សម្រាប់ស្ត្រីដែល​មានភាព​ប្រឈម​មុខខ្ពស់ត្រូវ បានប្រព្រឹត្តដោយរលូន និងម្មវិធីមុខរបរខ្នាតតូចក៏ទទួលបានដោយជោគជ័យផងដែរ។ ការវាស់វែងសុខុមាលភាពសេដ្ឋកិច្ច សុខភាពបន្តពូជ និងអសន្តិសុខស្បៀង មានភាពវិជ្ជមានផងដែរ។

ជារួមលទ្ធផល នៃការសិក្សានេះបានបង្ហាញថា មានកាត់បន្ថយភាពប្រឈម​ ក្នុងការឆ្លងមេរោគអេដស៍​ដែល​រួមបញ្ចូល​ការផ្សព្វផ្សាយទូលំទូលាយ ការបង្ការមេរោគអេដស៍ និង ATS បានប្រសើរ ជាមួយនឹង​កម្មវិធីឱកាសខាងផ្នែក​សេដ្ឋកិច្ច មានផលប៉ះពាល់ជាវិជ្ជមានយ៉ាងខ្លាំង លើជីវិតស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត និងស្រ្តីរកស៊ីផ្លូវភទេ។ លទ្ធផលបាន​បង្ហាញថា សិទ្ធិមនុស្ស​ និងសុខភាព​សាធារណៈ​នានា ជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ក្នុងការជួយការបង្ការមេរោគអេដស៍ និង​ការប្រើ ATS។

បើតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តដោយមានលក្ខខណ្ឌ និងកម្មវិធីថែទាំបន្ត សម្រាប់ស្រ្តី​ដែលប្រឈមមុខខ្ពស់ និង​ការផ្តល់ប្រឹក្សាសង្ខេបសម្រាប់ស្ត្រីដែលមិនសូវមានការប្រឈមមុខ គឺមានប្រសិទ្ធភាពក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់ ATS នៅពេលដែលបានផ្តល់ជូនការបង្ការ​មេរោគអេដស៍ទូលំទូលាយ។

វិធីសាស្រ្តទាំង​ពីរ​នេះ​គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្ការមេរោគអេដស៍ សម្រាប់ស្ត្រីធ្វើការតាមសេវាកម្សាន្ត និង រកស៊ីផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ បង្កើនគំរូ​ CIPI អាចនាំឲ្យមានផលប្រយោជន៍បន្ថែមទៀត ​រួមបញ្ចូលទាំងការ​កាត់បន្ថយការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកបដោយគ្រោះថ្នាក់, ការពង្រឹងសុខុមាលភាពសេដ្ឋកិច្ច​ និងការកាត់បន្ថយ​បញ្ហាផ្លូវចិត្ត។ កម្មវិធី បង្ការមេរោគអេដស៍ និង ATS គួរតែដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តស្តីពី សិទ្ធិមនុស្ស​ និងសុខភាព​សាធារណៈ ដើម្បីកាត់បន្ថយគ្រោះថា្នក់ដល់សង្គម និងបង្កើនប្រសិទ្ធភាពសុខភាពនៅក្នុងក្រុមស្រ្តីធ្វើការ ក្នុងសេវា​កម្សាន្តនិងស្រ្តីរកស៊ីផ្លូវភេទ៕