(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។ ក្នុងជំនួបនេះ សម្តេចតេជោ បានផ្តាំផ្ញើមេទ័ពវៀតណាម ឲ្យជួយសម្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានផ្តាំទៀតថា ត្រូវធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ក្នុងជំនួបនេះលោក ហ្វាន វ៉ាន់យ៉ាង បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ហ្វាន វ៉ាន់យ៉ាង បានមើលឃើញថា កម្ពុជាកំពុងរីកចម្រើនទាំងខាងសេដ្ឋកិច្ច និងសង្គមកិច្ច។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមជួយកម្ពុជាកន្លងមក ហើយក៏អរគុណដល់វៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់នាយទាហាន និងកងកម្លាំងប្រដាប់អាវុធកម្ពុជា។

លោក ហ្វាន វ៉ាន់យ៉ាង ក៏បានពាំនាំនូវការសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរំលែកទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម៕