(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតឡាវ ឯកឧត្តម ថុងលុន សុីសូលីត និងភរិយា ព្រមទាំងមន្រ្តីមួយចំនួន នឹងទៅអញ្ជើញគោរព វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ដែលបាននឹងកំពុងរៀបចំធ្វើបុណ្យនៅគេហដ្ឋាន​វេលាម៉ោង១៥៖៣០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ បើយោងតាមលោក ប៉ា សុជាតិវង្ស ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិច។

លើសពីនោះទៀតលោក ប៉ា សុជាតិវង្ស ដែលមានតួនាទីជាអនុប្រធានគណៈកម្មការរៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន បានបញ្ជាក់ បន្ថែមទៀតថា ថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី រួមមាន អនុប្រធានាធិបតី ឬរដ្ឋមន្រ្តី​ក្រសួងបរទេស ឥណ្ឌូនេស៊ី នឹងអញ្ជើញ ចូលរួមក្នុងគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព​ នាវេលាម៉ោង៦៖៣០នាទីនាព្រឹកថ្ងៃដដែល។

កម្មវិធីបុណ្យសពរបស់សម្ដេចវិបុលបញ្ញា បានធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា គឺចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ហើយនៅវេលាម៉ោង៧ព្រឹក នឹងរំកិលសពចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីបូជាជាកិច្ចបង្ហើយបុណ្យ។

សូមជំរាបថា កាលពីម្សិលមិញថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា បានចូលគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅគេហដ្ឋានសម្តេច សុខ អាន នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ថ្នាក់ដឹកនាំកំពូលៗ ដែលចូលរួមគោរពវិញ្ញាណក្ខន្ធនេះ រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី, លោក នៃ ប៉េណា ក្នុងនាមប្រធានស្តីទី ព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអស់ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត។

សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ៕