(ភ្នំពេញ​)៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​តុលាការ​កំពូល​ ​នឹង​បើក​សវនាការ​លើសំណុំ​រឿង​ លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ ករណី​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​​។​ នេះ​បើ​តាម​ឯកសារ​ពី​តុលាការ​កំពូល​។

សវនាការ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ បាន​សម្រេច​ដូច​គ្នា​ ផ្តន្ទា​ទោស​លោក​ ហេង​ ពៅ​ ដាក់​ពន្ធនាគារ​រយៈពេល​១៤ឆ្នាំ​ តែ​លោក​មិន​សុខចិត្ត​បាន​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ ។

លោក​ ហេង​ ពៅ​ ត្រូវបានតុលាការចោទ​ពីប្រកាន់ពី​បទ​ «រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​»​ ប្រព្រឹត្ត​នៅ​ផ្ទះ​លេខ​៩​ ភូមិ​តាខ្មៅ​ ស្រុក​តាខ្មៅ​ (​ បច្ចុប្បន្ន​ជា​ក្រុង​តាខ្មៅ​ )​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០០៦​ ។ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ច័ន្ទ​ តារា​រស្មី​ ជា​តំណាង​មហា​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​លោក​ហេង​ ពៅ​ មានទោស​សរុប​ចំនួន​១០៣ឆ្នាំ​ ពាក់ព័ន្ធ​រឿង​ក្ដី​ជា​ច្រើន​សុទ្ធតែ​រឿង​ក្តី​ធំ​ ពិសេស​ករណី​ប៉ុនប៉ង​បាញ់​សម្លាប់​លោក​ ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ និង​ ប៉ុនប៉ង​បាញ់​សម្លាប់​លោក​ អ៊ុក​ សាវុធ​ ព្រះ​រាជ​អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បច្ចុប្បន្ន​ជា​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​ ។

ជា​ការ​កត់សម្គាល់​ គ្រប់​ដំណាក់កាល​ទាំងអស់​ លោក​ ហេង​ ពៅ​ តែងតែ​បដិសេធ​ថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ៕