(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ទូទាំងប្រទេស ឲ្យមកចុះវិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារ និងវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្ដអនាម័យល្អ (Logo) ដើម្បីធានាបាននូវការមិនពុលអាហារដល់ប្រជាជនកម្ពុជា។

លោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ ​និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃ ក្រសួងសុខាភិបាល បានថ្លែងថា ដោយអនុវត្ដទៅតាមគោលនយោបាយ ដាក់ចេញរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល យើងបានបន្ដត្រួតពិនិត្យ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ ជូនដល់បណ្ដាភោជនីយដ្ឋាននានា នៅផ្សារទំនើបអ៊ីអន ដើម្បីកាន់តែធានានូវគុណភាពអាហារ ទៅតាមស្តង់ដារ និងអនាម័យខ្ពស់ ដល់ប្រជាពលរដ្ឋ ដែលគាត់ពិសាទៅ មិនប៉ះពាល់ដល់សុខភាព ។

លោកបន្ដថា «ការចុះវិញ្ញាបនបត្រ នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ព្រោះវាមានការធានា និងជំនឿចិត្ដដល់អតិថិជន ជាតិអន្ដរជាតិ ពិសេសក្រសួងនឹងចេញអន្ដរាគមន៍ភ្លាមៗ បើមានករណីអ្វីកើតឡើង ទាំងលើម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ហើយយើងនឹងដាក់ឈ្មោះភោជនីយដ្ឋាន របស់គាត់ ដាក់លើវេបសាយក្រសួងទៀតផង ដើម្បី ឲ្យភ្ញៀវជាតិ អន្ដរជាតិ ដឹងថា ហាងណាដែលបានបើកលក់ចំណី អាហារទៅតាមស្ដង់ដារ និងអនាម័យខ្ពស់ និងទទូលស្គាល់ពីក្រសួង ហើយយើងនឹងចុះមកត្រួតពិនិត្យជាប់ជានិច្ចផងដែរ ដើម្បីធានាថា នឹងអនុវត្ដទៅតាមគោលការណ៍ដែលក្រសួងដាក់ឲ្យ»

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានថ្លែងផងដែរ ថា «មកដល់ពេលនេះនៅក្នុងចំណោម ភោជនីយដ្ឋាននានា ជាង៣៦០០កន្លែងទូទាំងប្រទេស ដែលទាក់ទងទៅនឹងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដែលក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តតាមនេះ គឺទើបតែមានភោជនីយដ្ឋានប្រមាណជា១,៣៨៦កន្លែង គឺប្រហែលជា៤០%ប៉ុណ្ណោះ និងមានវិញ្ញាបនបត្របញ្ជាក់ពីអនាម័យ ចំណីអាហារនេះ ក្រៅពីនេះ គឺមិនទាន់ឆ្លើយតបបាន តាមការណែនាំរបស់ក្រសួងសុខាភិបាលនៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ការងារនេះ មន្ត្រីជំនាញ បាននឹងកំពុងបន្តចុះអប់រំផ្សព្វផ្សាយនៅតាមភោជនីយដ្ឋាននានា ជាបន្តបន្ទាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ភោជនីយដ្ឋាននីមួយៗ អនុវត្តឲ្យបានត្រឹមត្រូវជាប់ជានិច្ច  តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃឲ្យបានញឹកញាប់ ឆ្លើយតបឲ្យបានទៅនិងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារនៅតាម ភោជនីយដ្ឋាននានា នៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នាពេលកន្លងមកនេះ »។     

លោកបានបញ្ជាក់ទៀតថា «បើទោះជាដូច្នេះក្ដី ក្រសួងសុខាភិបាលបានដាក់ចេញនូវផែនការ ដល់នាយកដ្ឋានជំនាញ ឲ្យធ្វើយ៉ាងណាលើកកម្ពស់សុវត្ថិភាពចំណីអាហារ នៅតាមភោជនីយដ្ឋាននេះ ឲ្យបានពី១០ទៅ២០%ថែមទៀត នៅក្នុងឆ្នាំនេះ គឺក្នុងន័យថា រួមចំណែកទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនានៅកម្ពុជា ពួកគេមានក្ដីពេញចិត្ត ហើយនឹងផ្សព្វផ្សាយពីភាពល្អ នៅកម្ពុជា ទៅដល់មិត្តភក្តិរបស់ខ្លួន ឲ្យមកលេងនៅទឹកដីកម្ពុជា ដែលពោរពេញទៅដោយសន្តិភាពម្ដងទៀត ជាមួយនិងការទទួលទានចំណីអាហារ ដែលមានអនាម័យល្អ ដូចជានៅផ្សារទំនើបៗ ទាំងនៅរាជធានីភ្នំពេញភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុជាដើម ដែលនេះហើយគឺ ជាផលប្រយោជន៍របស់សង្គមជាតិផង និងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ របស់ពលរដ្ឋកម្ពុជាដោយផ្ទាល់ផងដែរ»

លោកបន្ដថា ថ្វីត្បិតតែយើង ពុំទាន់មានច្បាប់ ស្ដីពីចំណីអាហារក៏ពិតមែន តែពេលនេះយើងមានសេចក្ដីប្រកាស អន្ដរក្រសួងលេខ ៨៦៨ ឧរថ.ចុះថ្ងៃទី២២តុលា ឆ្នាំ២០១០ ស្ដីពីការអនុវត្ដន៍ និងការរៀបចំស្ថាប័នកិច្ចសម្របសម្រួលលើប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពចំណីអាហារ ពីកសិដ្ឋាន ដល់តុបរិភោគ ដែលបានចង្អុលបង្ហាញ ពីតួនាទី និងភារកិច្ចរបស់ក្រសួងទាំង៦ ក្នុងការងាររបស់ក្រសួងសុខាភិបាល ក្នុងនោះ ការអង្កេត និងឆ្លើយតប ការផ្ទុះពុលចំនីអាហារ ជាភារកិច្ច ស្នូលរបស់ក្រសួងសុខាភិបាល ដែលត្រូវសហការជាមួយនឹងក្រសួងពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឲ្យមានការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ឲ្យបានទាន់ពេលវេលា ដើម្បីទប់ការរីករាលដាល នៃការពុលអាហារ៕