(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ មានកម្មករប្រមាណជាង៧០នាក់ នៅរោងចក្រ ធាន ស៊ុង ខេមបូឌា ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់។

កម្មករនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា ការដួលសន្លប់នេះ បានចាប់ផ្តើមតាំងពីម្សិលមិញ ដោយដំបូងត្រឹមតែ៤ ទៅ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅព្រឹកនេះ ការដួលសន្លប់បានកើនឡើងយ៉ាងច្រើនរហូតដល់ ៧២នាក់។ នៅពេលនេះ កម្មការិនី ដែលដួលសន្លប់ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ម​ន្ទីរពេទ្យ២កន្លែង នៅក្បែរនោះ ដើម្បីជួយសង្រ្គោះ។

បើតាមការអះអាងរបស់កម្មករ គឺការដួលសន្លប់នេះ កើតឡើងដោយសារតែក្លិននៅក្នុងរោងចក្រ ប៉ុន្តែអ្នកខ្លះទៀតអះអាងថា បណ្តាលមកពីបញ្ហាសុខភាពរបស់កម្មករិនីទាំងនោះ៕