(ភ្នំពេញ)៖ ក្រុមសមត្ថកិច្ចមូលដ្ឋាន កំពុងស៊ើបអង្កេតលើករណីផ្ទុះទូរ ATM មួយកន្លែងរបស់ធនាគារកាណាឌីយ៉ា ស្ថិតនៅមុខមន្ទីរពេទ្យកុមារជាតិ នាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់មិញ ក្នុងនោះ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាអ្នកធ្វើសកម្មភាពបំផ្ទុះទូរ ATM នេះតែម្តង។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការសង្ស័យទៅលើបុរសម្នាក់នោះ បានធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានពិនិត្យឃើញនៅក្នុងកាមេរ៉ា នៅកន្លែងកើតហេតុ ដែលបង្ហាញថា បុរសមិនស្គាល់អត្តសញ្ញាណនោះ គឺជាជនសង្ស័យទី១ ដែលបំផ្ទុះទូរ ATM ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីផ្ទុះទូ ATM របស់ ធនាគារកាណាឌីយ៉ា ដែលមានទីតាំងជាប់របងមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនសីុម៉ាក់ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងទូដកលុយ (ATM) របស់ធនាគារ កាណាឌីយ៉ានោះ។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា «ចំពោះករណីនេះយើង មិនទាន់រកមូលហេតុដឹងឲ្យពិតប្រាកដនៅឡើយទេ ដោយរង់ចាំការស្រារជ្រាវបន្តទៀត នៅថ្ងៃនេះ ដោយមានការចូលរួមពិនិត្យផ្ទាល់ពីកម្លាំងសីុម៉ាក់ ពីព្រោះក្រោយកើតហេតុ យើងមិនទាន់រកឃើញវត្ថុតាង​ណាមួយដែលគួរឲ្យសង្ស័យជាគ្រឿងផ្ទុះនៅឡើយទេ ហើយយើងនឹងពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត»

យ៉ាងណាក៏ដោយ បើតាមលោក ហ៊ុន សុធី ការផ្ទុះនេះបានបណ្តាលឲ្យផ្នែកខាងលើ គឺកន្លែងញុកកាត បានរងការខូចខាត ប៉ុន្តែផ្នែកខាងក្រោមជាកន្លែងដាក់លុយវិញ មិនមានការប៉ះពាល់នោះទេ ហើយក្រោយកើតហេតុភ្លាមៗនោះ ខាងធនាគារបានមកយកលុយទាំងអស់ទៅវិញហើយ។

របាយការណ៍របស់នគរបាល បាមបង្ហាញថា ការខូចខាត ទូATM របស់ធនាគារកាណាឌីយ៉ា មានការខូចខាតប្រហែល៨០%៕