(ភ្នំពេញ)៖ ជុំវិញបញ្ហាបំណុល ដែលអាមេរិកអះអាងថា កម្ពុជាជំពាក់កើនដល់ជិត៥០០លានដុល្លារនោះ នៅតែជាបញ្ហាក្តៅសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសមន្ត្រីដែលធ្វើការងារបោសសំអាតមីន ដោយ មិនអាចទទួលយកបាននោះទេ ចំពោះបំណុលនេះ និងទាមទារ ឲ្យប្រទេសមហាអំណាចអាមេរិក ក្លាហានហ៊ានចេញមុខមកទទួលខុសត្រូវ លុបបំណុលកខ្វក់នេះចោល និងផ្តល់ត្រឡប់មកវិញ នូវជំនួយសប្បុរសធម៌។

លោកទេសរដ្ឋមន្ត្រី​ សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាព Fresh News នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា បំណុលដែលកម្ពុជាជំពាក់ក្នុងសម័យ លន់ នល់ ដែលជារដ្ឋាភិបាលគាំទ្រ ដោយសហរដ្ឋអាមេរិក គឺគួរតែបញ្ចប់ជាកាដូ សម្រាប់អាយុជីវិតរបស់អ្នកស្លាប់ ដែលបានដង្ហែតាមលោក លន់ នល់ ហើយសុទ្ធតែយ៉ាងស្ម័គ្របម្រើ សហរដ្ឋអាមេរិក មិនគួរតម្រូវទុកឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយទទួលសងជំនួសឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលសហរដ្ឋអាមេរិកជួយនៅពេលនោះ (សម័យ លន់ នល់) គួរតែបញ្ចប់ជាកាដូ សម្រាប់អ្នក​ដែល​បានបម្រើអាមេរិកអស់រាប់សិបឆ្នាំ យកជីវិតទៅដូរ ។ ដូចនេះហើយ នៅពេលដែលអាមេរិក នៅរក្សាបំណុលនេះ បានឲ្យយើងឃើញច្បាស់ថា អាមេរិកគ្មានមនោសញ្ចេតនា អ្វីទាំងអស់ គ្មានការស្រឡាញ់​ពិតប្រាកដចំពោះ​ប្រជាពលរដ្ឋខ្មែរ ដែលនេះសបញ្ជាក់ថា គ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងទេ»

ជាមួយគ្នានេះ ចំពោះបំណុលដែលអាមេរិកអះអាងថា ជំពាក់ពី២០០លានដុល្លារ កើនដល់ជិត៥០០លានដុល្លារនេះ ត្រូវបានលោកទេសរដ្ឋមន្ត្រី លើកឡើងជាបំណុល ដែលគ្មានឯកសារច្បាស់លាស់ត្រឹមត្រូវ មានតែការអះអាងដោយអាមេរិកខ្លួនប៉ុណ្ណោះ៕

សូមស្តាប់ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី សេរី កុសល៖