(មណ្ឌលគិរី)៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងត្រូវបានសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ បន្ទាប់ពីពួកគាត់បានពុលស្រាថ្នាំ គ្រាទទួលទានជុំគ្នា នៅក្នុងភូមិនៅភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្ត​មណ្ឌលគិរី កាលពីល្ងាចម្សិលមិញ។

ករណីនេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានដាក់ចេញនូវ​បទ​បញ្ជាឲ្យ លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី ចាត់ចែងមន្រ្តីជំនាញរបស់ខ្លួនធ្វើការសហការជាមួយ មន្រ្តីសុខា​ភិបាល​ខេត្តចុះទៅធ្វើការពិនិត្យស្រាវជ្រាវ ឲ្យបានច្បាស់នូវកន្លែងកើតហេតុ។

លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី នៅព្រឹថ្ងៃទី១៨ខែមិនាឆ្នាំ២០១៧នេះ ក៏កំពុងចាត់ចែងមន្រ្តីការិយាល័យ នគរបាលជំនាញរួមនឹងមន្រ្តីសុខាភិបាល ចុះទៅស្រាវជ្រាវពិនិត្យករណីនេះ ដើម្បីរកមូលហេតុពិតនៃគ្រោះថ្នាក់ ខាងលើនេះផងដែរ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ មានមនុស្សចំនួន១១នាក់នៅភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នាទទួលទានស្រាថ្នាំ។ បន្ទាប់ពីទទួលទានរួច ស្រាប់តែមានអាការៈពុលតែម្តង បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនៅកន្លែង និងមនុស្សចំនួន១០នាក់ទៀត មានអាការៈទន់ៗបែកពពុះមាត់​គ្រប់ៗគ្នាត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។

នាពេលកន្លងទៅ ក្រសួងសុខាភិបាល ក៏ធ្លាប់បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទានស្រាស និងស្រា​ថ្នាំមួយចំនួន ដែលបិទដោយមិនមានបទដ្ឋានត្រឹមត្រូវ។ ករណីនេះ នាពេលកន្លងទៅ​ក៏ធ្លាប់កើតមានញឹកញាប់ ក្នុងប្រទេសកម្ពុជាដែរ៕